សិង្ហបុរី ៖ យុវជនជំនាន់ក្រោយ (Gen Z) របស់សិង្ហបុរីជាច្រើនបានជ្រើសរើស«ក្លឹបកាហ្វេ» ឬការបង្កើតបរិយាកាសជួបជុំសប្បាយរីករាយដោយគ្មានជាតិអាល់កុល និងបារី ជំនួសដោយការផឹកាហ្វេ ជជែកគ្នាលេង និងរាំកម្សាន្ត ដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
.jpg)
«ក្លឹបកាហ្វេ» ជាកន្លែងកម្សាន្តនៅពេលថ្ងៃរសៀល រហូតដល់ល្ងាចដែលបម្រើអតិថិជននូវជាតិកាហ្វេអ៊ីន គឺជាផ្នែកមួយនៃការកន្សាន្តដោយគ្មានជាតិអាល់កុល ដែលជំរុញដោយក្រុមមនុស្សជំនាន់ Gen Z ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសសិង្ហបុរី និងកន្លែងផ្សេងទៀតក្នុងពិភពលោក។ 
បើទោះជាភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងក្លឹប ឬបារទាំងនោះមិនបានទទួលទានភេសជ្ជៈដែលមានជាតិស្រវឹងក៏ដោយ ប៉ុន្តែសកម្មភាពកម្សាន្តទូទៅដូចជា ការរាំ ការច្រៀង ឬការជជែកគ្នាលេងយ៉ាងសប្បាយរីករាយនៅតែមានដូចធម្មតា។ លោក Aden Low អាយុ 21 ឆ្នាំ ជាសហស្ថាបនិកនៃហាង Beans and Beats ដែលរៀបចំការញាំកាហ្វេនៅទីកន្លែងផ្សេងៗគ្នាបាននិយាយថា “មនុស្សជាច្រើនគិតថាគ្រឿងស្រវឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយ ប៉ុន្តែជួនកាលជាតិកាហ្វេអ៊ីនក៏អាចធ្វើវាបានដែរ។ ហើយនេះជាមូលហេតុដែលបរិយាកាសនៅក្នុងហាងរបស់យើងមានទំនោរទៅរកភាពស្វាហាប់” ។ 
បើតាមរបាយការណ៍ជាច្រើនបាននិយាយថា Gen Z (ក្រុមមនុស្សកើតក្នុងឆ្នាំ 1997-2012) កំពុងតែមានការពេញនិយមជាមួយនឹងចលនាដ៏មានសណ្តាប់ធ្នាប់នៅក្នុងសង្គម និងទទួលបានប្រជាប្រិយភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាគច្រើននៃមនុស្សដែលចង់ឈប់សម្រាកពីការផឹកស្រា ឬតមទាំងស្រុង តែងតែលើកឡើងពីហេតុផលសុខភាព និងស្ងប់សុខនៃផ្លូវចិត្ត។
.jpg)
ចំណែកអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ឆ្នាំ 2024 ថា “ការផ្លាស់ប្តូទម្លាប់ប្រើប្រាស់គ្រឿងស្រវឹងត្រូវបានគេសង្កេតឃើញនៅក្នុងការស្ទង់មតិចំនួនប្រជាជន និងការសិក្សាជាក្រុម។ ជាទូទៅ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យជំទង់បានថយចុះ” ។
គួរឲ្យដឹងផងដែរថា ក្លឹបកាហ្វេ ជាធម្មតាត្រូវបានគេប្រារព្ធឡើងនៅក្នុងហាងកាហ្វេ បារ និងកន្លែងផ្សេងទៀតដូចជាស្កាយបារនៅលើដំបូលអាគារ។ វាមានបរិយាកាសស្រាលស្រទន់ អមដោយតន្ត្រីចម្រុះជាមួយនឹងកាហ្វេពិសេសៗដែលបម្រើក្នុងពែងក្រដាស ខណៈអ្នកចូលរួមអាចរាំកម្សាន្ត និងបង្កើនមិត្តភក្តិថ្មីៗយ៉ាងរស់រវើក។
វាទទួលបានការគាំទ្រពីសំណាក់យុវជនជាច្រើន ដោយពួកគេយល់ថាពិធីជប់លៀងនៅក្នុងក្លឹបកាហ្វេដែលបញ្ចប់ទៅត្រឹមម៉ោង៤ល្ងាច គឺជាការកម្សាន្តបែបថ្មីមួយដែលមានសុវត្ថិភាពបំផុត មិនថាចំពោះសុខភាព ឬសន្តិសុខផ្ទាល់ខ្លួននោះទេ។ យុវជនទាំងនោះជឿជាក់ថា ភាពសប្បាយរីករាយ ឬការបង្កើតទំនាក់ទំនងជាមួយសង្គម មិនទាមទារឲ្យមានវត្តមានរបស់គ្រឿងស្រវឹងឡើយ ប៉ុន្តែវាអាស្រ័យលើការជ្រើសរើសរបស់បុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ៕










