បទចម្រៀងសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែររបស់តារាចម្រៀង សុគន្ធ និសា និង រ៉ូ លីន កាលពីកន្លងទៅនេះទទួលបាននូវការចាប់អារម្មណ៍ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយនឹងភាពជោគជ័យនៃការសហការលើកដំបូងរវាងតារាចម្រៀង សុគន្ធ និសា និង រ៉ូលីន គឺជាស្នាដៃរបស់អ្នកនិពន្ធ សោម ដូរ៉េ ខណៈតារាចម្រៀងទាំងពីរដួងមានចិត្តចង់ធ្វើបទចម្រៀងចូលឆ្នាំដូចគ្នា។

រ៉ូលីន បាននិយាយនៅក្នុងកម្មវីធី «អ្នកជិតខាង» ដោយបានរៀបរាប់ពីប្រវត្តិនៃបទ «ចាក់ក្រឡេកទយ»។ រ៉ូលីន បាននិយាយថា មានថ្ងៃមួយលោកទៅខួបកំណើតមិត្តភក្តិហើយបានអង្គុយជិត សុគន្ធ និសា ខណៈដែល អ្នកទាំងពីរមានបំណងចង់ធ្វើបទចូលឆ្នាំដូចគ្នា ហើយនាគ្រានោះ និសា គឺជាតារាចម្រៀងឯករាជ្យហើយ។ លោក បន្តថា និសា បានផ្តើមគំនិតខ្លួនលោកក៏បន្ថែមក៏ត្រូវគ្នាហើយការនិពន្ធបទចម្រៀងចូលឆ្នាំបែបកំប្លែងបែបនេះគឺមានតែមួយទេគឺលោក សោម ដូរ៉េ។
 
ក្នុងការធ្វើបទចម្រៀងនេះ រ៉ូលីន បានបញ្ជាក់ថាចំណាយពេលចំនួន១ខែរហូតដល់ថត ប៉ុន្តែគឺបាននិយាយគ្នាតាំងពីខែ១១ មកម្ល៉េះ។ ក្នុងការនិពន្ធចម្រៀងពីសំណាកលោក សោម ដូរ៉េ រ៉ូលីន ថាគឺមានការពេញចិត្តតែម្តងប៉ុន្តែពាក្យខ្លះពិបាកច្រៀងគឺត្រូវការកែខ្លះ ហើយបទនេះជារួមគឺមានការកែបន្តិចបន្តួចប៉ុណ្ណោះ។
ក្នុងនោះដែរ រ៉ូលីន ក៏បានកោតសរសើរទៅកាន់អ្នកសម្រួលតន្រ្តីដោយបានបន្ថែមទ្រខ្មែរធ្វើឱ្យ ភ្លេងកាន់តែឆ្ងាញ់។ ការនិពន្ធបទ ចាក់ក្រឡេកទយ» តាមបែបចង្វាក់កន្រ្តឹមនេះ ទាំងអ្នកនាង សុគន្ធ និសា និង រ៉ូលីន គឺប្រគល់ឱ្យលោក សោម ដូរ៉េ ដោយក្តីទុកចិត្តតែម្តង។ ការសម្រេចចិត្តធ្វើបទចម្រៀងចង្វាក់បែបនេះគឺរម្លឹកទៅដល់ឆ្នាំ២០១៤ ២០១៥ ដោយសារតែខានឮយូរហើយដោយសម័យកាលនេះគឺផ្តោតទៅលើសិល្បៈរ៉េប។ ជាមួយនឹងការរៀបរាប់នេះ រ៉ូលីន ក៏មិនភ្លេចសរសើរទៅកាន់តារាចម្រៀង សុគន្ធ និសា ដែលពូកែឱ្យកាត់កន្លែង Teaser ហើយផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីតែម្តង។
គួរបញ្ជាក់ផងដែរថា «ចាក់ក្រឡេកទយ» បានចេញជាផ្លូវការកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៥ ដែលមកទល់ពេលនេះមានការស្តាប់ជាង៧លានដងនៅលើឆាណែលយូធូប សុគន្ធ និសា។ អាចនិយាយបានថានេះជាបទដ៏ជោគជ័យបំផុតមួយរបស់តារាចម្រៀងរូបនេះបន្ទាប់ពីក្លាយជាតារាចម្រៀងឯករាជ្យមក៕
 
		 
	









