ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ TNN រាយការណ៍ថា មេបញ្ជាការកងទ័ពថៃ ភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង នឹងត្រៀមបិទច្រកព្រំដែនកម្ពុជា-ថៃជាឯកតោភាគី ចំនួន២កន្លែងទៀត គឺច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងាំ (ខេត្តឧត្តរមានជ័យ-ខេត្តស៊ីសាកេត) និងច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម (ខេត្តឧត្តរមានជ័យ-ខេត្តសុរិន្ទ) បន្ទាប់ពីមេបញ្ជាការកងទ័ពរូបនេះទើបតែបញ្ជាឱ្យបិទច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) កាលពីថ្ងៃទី២១ ខែមិថុនា ។
ក្នុងលិខិតបញ្ជាឱ្យបិទច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) របស់លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ បញ្ជាក់ថា គឺដើម្បីសុវត្ថិភាពពលរដ្ឋថៃ ហើយកងទ័ពភូមិភាគទី២ និងកងកម្លាំងស៊ុណារី មានអំណាចគ្រប់គ្រងការបើក-បិទច្រកព្រំដែនទាំងអស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការបិទព្រំដែននេះ គឺកងទ័ពថៃមានគោលបំណងការពារអធិបតេយ្យ បូរណភាពទឹកដី រក្សាសុវត្ថិភាព ការពារជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋថៃ ។
មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ឱ្យដឹងថា ការបិទច្រកព្រំដែនទាំង៣កន្លែង រួមមាន ៖ ១-ច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ ២-ច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងាំ និង៣-ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម គឺស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងស៊ុណារី ដែលចាត់វិធានការឆ្លើយតបនឹងស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋក្នុងតំបន់ ។
ក្រោយពីមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស៊ីន ផាកក្លាង បញ្ជាឱ្យបិទច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) កាលពីយប់ថ្ងៃទី២១ ខែមិថុនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧតុ្តរមានជ័យ សម្រេចបិទច្រកជប់គគីរ-សាយតាគូ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាអចិន្ត្រៃយ៍វិញដែរចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ ។
បន្ថែមពីលើច្រកជប់គគីរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្តបិទច្រកមួយទៀតតែម្តង គឺច្រកទ្វារព្រំដែនជាំ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ឬច្រកសាងាំ ខេត្តស៊ីសាកេត) ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ ។ សម្តេចបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយពុំបានគិតពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋប្រទេសទាំងពីរឡើយ ។
.jpg)
កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា ។
គួរបញ្ជាក់ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃពីសំណាក់កងទ័ពថៃដែលមានអំណាចជាងរដ្ឋាភិបាល បានធ្វើឱ្យការលក់ដូរនៅតាមព្រំដែន និងការឆ្លងដែនរបស់ពលរដ្ឋប្រទេសទាំងពីរជួបការលំបាក ជាពិសេស ពលរដ្ឋថៃ និងអាជីវករថៃ ដែលពឹងផ្អែកលើប្រាក់ចំណូលពីការលក់ដូរនៅព្រំដែន ។ ពលរដ្ឋថៃបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោះស្រាយស្ថានការណ៍តានតឹងព្រំដែនឱ្យបានឆាប់រហ័ស ៕










