ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសហាមឃាត់ពលរដ្ឋថៃធ្វើដំណើរមកប្រទេសកម្ពុជា ប្រសិនបើគ្មានភាពចាំបាច់ ។ រីឯពលរដ្ឋថៃរស់នៅកម្ពុជា ត្រូវអនុវត្តតាមការណែនាំរបស់ស្ថានទូត និងស្ថានអគ្គកុងស៊ុលថៃប្រចាំកម្ពុជាដើម្បីសុវត្ថិភាព ចៀសវាងធ្វើដំណើរទៅកាន់ទីប្រជុំជន និងតាមដានស្ថានការណ៍ជានិច្ច ។

ស្របពេលមានស្ថានការណ៍តានតឹងកើតឡើងរវាងប្រទេសកម្ពុជា និងថៃ ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសហាមពលរដ្ឋថៃធ្វើដំណើរមកកម្ពុជា ប្រសិនបើពុំចាំបាច់ដើម្បីសុវត្ថិភាព ខណៈពលរដ្ឋថៃរស់នៅកម្ពុជា សូមឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ និងចៀសវាងធ្វើដំណើរទៅទីប្រជុំជន ឬកន្លែងប្រឈមផ្សេងៗ ។ ក្រៅពីនេះ ពលរដ្ឋថៃត្រូវតាមដានស្ថានការណ៍ជានិច្ច និងអនុវត្តតាមការណែនាំរបស់ស្ថានទូត និងស្ថានអគ្គកុងស៊ុលថៃ ។
ប្រសិនបើពលរដ្ឋថៃរស់នៅប្រទេសកម្ពុជា ត្រូវការជំនួយ ឬមានហេតុការណ៍បន្ទាន់ ពលរដ្ឋថៃអាចទាក់ទងទៅកាន់ស្ថានទូតថៃនៅរាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ឬទូរស័ព្ទទៅកាន់ស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប ឬទូរស័ព្ទទៅកាន់នាយកដ្ឋានកិច្ចការកុងស៊ុលរយៈពេល២៤ម៉ោង ឬទាក់ទងតាមរយៈកម្មវិធីអនឡាញ Thai Consular ។

ការហាមឃាត់ពលរដ្ឋថៃចូលមកកម្ពុជានេះ ក្រោយពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនៅតែតានតឹង ដោយសារថៃដាក់គំនាប និងកំណត់វិធានការផ្សេងៗមកលើកម្ពុជា ក្នុងគោលបំណងឱ្យកម្ពុជាដកពាក្យបណ្តឹងពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងងាកមកចរចាទ្វេភាគីជាមួយថៃដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។
ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមបញ្ហានេះទេ ។ ហេតុដូច្នេះ កម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់ដោយឯកតោភាគី មិនមានការចាំបាច់ចរចាគ្នានោះទេ ។ អ្នកណាចាប់ផ្តើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច ៕










