ការបែកធ្លាយការសន្ទនារវាងនាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋថៃក្តៅក្រហាយ យ៉ាងខ្លាំងក្នុងនោះ តាណាវ៉ាត់ ដែលជាម្ចាស់កម្មវិធី Miss Grand ចេញមុខមាត់ជាងគេមិនពេញចិត្តការដឹកនាំរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន។ លើសពីនេះ តាណាវ៉ាត់ ថែមទាំងចង់ឱ្យរំលាយសភា រួមទាំងនាំបវរកញ្ញា ដែលស្ថិតក្រោមកុងត្រារបស់ខ្លួនតវ៉ាប្រឆាំងនឹងលោកស្រី ផែថងថាន។
កាលពីថ្ងៃទី១៩ មិថុនា តាណាវ៉ាត់ នាយកប្រតិបត្តិ និងជាស្ថាបនិកកម្មវិធីប្រកួតបវរកញ្ញា Miss Grand Thailand និង Miss Grand International បានចេញមុខចាត់វិធានការយ៉ាងខ្លាំងក្លាតាមរយៈហ្វេសប៊ុករបស់ខ្លួនដោយបង្ហោះសារថា «បើសភាមិនរំលាយថ្ងៃនេះ ខ្ញុំនឹងយករាជនីសម្រស់ទាំងអស់នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំមកតវ៉ា»។ ការប្រកាសនេះបានធ្វើឱ្យប្រជាជនថៃមួយចំនួនគាំទ្រការលើកឡើងរបស់លោក។
ទោះជាយ៉ាងណា ម្ចាស់កម្មវិធី Miss Grand បានចេញមកស្រាយបញ្ជាក់ម្តងទៀតនៅ យប់ថ្ងៃទី១៩ ថាលោកមិនបានយកបវរកញ្ញារបស់ខ្លួនឱ្យទៅតវ៉ានៅតាមដងផ្លូវនោះទេប៉ុន្តែពួកគេនឹងតវ៉ាដោយស្នើឱ្យមានកិច្ចប្រជុំផ្លូវការដើម្បីដាក់សម្ពាធ»។ តាណាវ៉ាត់ ថាការរំលាយសភាគឺជាដំណោះស្រាយតែមួយគត់។
ក្នុងនោះដែរប្រធាន MGI បញ្ជាក់ថាការរំលាយសភា គឺជាដំណោះស្រាយតែមួយគត់ ដើម្បីប្រគល់អំណាចជូន ប្រជាពលរដ្ឋ នៅពេលដែលរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី មិនទុកចិត្ត និងគ្មានគុណភាពនៅពេលនេះ និងមិនគាំទ្រការលាលែងពីតំណែង ព្រោះនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលជំនាន់ក្រោយ នៅតែជាក្រុមដដែល ហើយមិនចង់ឈរយូរ ឬវានឹងក្លាយជាលេសនៃរដ្ឋប្រហារ ដែលពួកគេមិនគាំទ្រ រដ្ឋប្រហារក្នុងរបបប្រជាធិបតេយ្យ។ ការរំលាយសភាជាមធ្យោបាយតែមួយគត់ដើម្បីប្រគល់អំណាចជូនប្រជាពលរដ្ឋម្ចាស់ប្រទេសសម្រាប់ការបោះឆ្នោតថ្មី»។
តាណាវ៉ាត់ មិនត្រឹមតែមិនគាំទ្រលោកស្រី ផែថងថាន ប៉ុណ្ណោះទេចាប់តាំងពីថៃនិង កម្ពុជាមានជម្លោះព្រំដែនជាមួយគ្នាមក ម្ចាស់កម្មវិធីសម្រស់មួយនេះមិនបានចេញមក និយាយឱ្យស្ថានការល្អប្រសើរនោះទេ ផ្ទុយទៅវិញគឺជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនកាន់ តែមានទំនាស់ជាមួយខាងកម្ពុជា៕










