ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតថា នាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលាលែងពីតំណែងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ហើយលិខិតផ្លូវការនឹងដាក់ចូលសភានៅម៉ោង៩ព្រឹកថ្ងៃទី១៩ ខែមិថុនា ។ ការពិត លោកស្រី ផេថងថាន ពុំទាន់លាលែងពីតំណែងនាយករដ្ឋមន្ត្រីទេ ប៉ុន្តែគណបក្សនយោបាយនានា ដូចជា គណបក្សថៃសាងថៃ និងគណបក្សផ្លាំងប្រាឆារ៉ាត់ បានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យលោកស្រីលាលែង ។
ក្រោយពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណបក្សភឿថៃ ធ្វើឱ្យមានការជជែកគ្នាពីបញ្ហាព្រំដែនកម្ពុជា-ថៃក្នុងបណ្តាញសង្គមយ៉ាងច្រើន រហូតដល់អំពាវនាវឱ្យលោកស្រី ផេថងថាន ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដោយការលាលែងពីតំណែង ឬរំលាយសភាដើម្បីបោះឆ្នោតជាថ្មី ។
ដូចគ្នានេះ គណបក្សនយោបាយនានានៅប្រទេសបានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ដូចជា ៖ គណបក្សថៃសាងថៃ និងគណបក្សផ្លាំងប្រាឆារ៉ាត់ ខណៈគណបក្សចូលរួមជាមួយរដ្ឋាភិបាល គឺគណបក្សភូមិចៃថៃ ក៏បានប្រកាសដកខ្លួនពីរដ្ឋាភិបាលដែរ ។
កាលពីថ្ងៃទី១៨ ខែមិថុនា សារព័ត៌មាន Thairath រាយការណ៍ថា គណបក្សផ្លាំងប្រាឆារ៉ាត់ បានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ដោយសារលោកស្រីប្រមាថសេចក្តីថ្លៃថ្នូរសន្តិសុខជាតិ ។ លោក ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជំរុញឱ្យនាយករដ្ឋមន្ត្រីលាលែងដើម្បីទទួលខុសត្រូវនូវទង្វើរបស់ខ្លួនធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរប្រទេស ហើយគណបក្សនេះប្រកាន់គោលជំហរគាំទ្រពលរដ្ឋ និងកងទ័ពថៃ ។
គណបក្សផ្លាំងប្រាឆារ៉ាត់បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា បារម្ភចំពោះស្ថានការណ៍នយោបាយ និងសន្តិសុខជាតិដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ដោយសារលោកស្រីបង្ហាញពីភាពទន់ជ្រាយ ខ្វួះបទពិសោធន៍ចរចា និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ។ វាធ្វើឱ្យពលរដ្ឋថៃបាត់បង់ទំនុកចិត្តក្នុងការដឹកនាំប្រទេស ដោយសារលោកស្រីចរចាផ្ទាល់ខ្លួនបង្កហានិភ័យដល់ប្រទេស រួមទាំងធ្វើឱ្យខូចកិត្តិយសដល់កងទ័ពថៃដែលការពារអធិបតេយ្យ ។ ហេតុនេះ នាយករដ្ឋមន្ត្រីថៃគួរលាលែងពីតំណែងដើម្បីបង្ហាញភាពទទួលខុសត្រូវ ។
កិច្ចការសន្តិសុខពុំងាយស្រួលទេ គឺទាមទារចំណេះដឹង និងការឈ្វេងយល់ឱ្យបានច្រើន ។ មេដឹកនាំប្រទេសគ្មានបទពិសោធន៍ នៅទីបំផុត ក៏បានបំផ្លាញទំនុកចិត្តពលរដ្ឋថៃ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ដឹកនាំប្រទេសទៅរកការចាញ់ប្រៀប និងទន់ជ្រាយ ។ កងទ័ពថៃគ្រប់រូបនឹងបំពេញការងារដែលមានព្រះមហាក្សត្រជាប្រមុខ ទឹកដីថៃត្រូវតែជារបស់ពលរដ្ឋថៃ មិនព្រមឱ្យអ្នកណាមករុករានដាច់ខាត ។ នេះជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សផ្លាំងប្រឆារ៉ាត់ ៕










