ទន្ទឹមនឹងរាជរដ្ឋាភិបាលសម្រេចចិត្តបិទការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃប្រជាពលរដ្ឋ ជាច្រើនបានបង្ហាញការគាំទ្រចំណាត់ការនេះព្រោះមុននឹងបិទភាគីកម្ពុជាបានទុកពេលឱ្យ២៤ម៉ោងហើយ។ យ៉ាងណាទន្ទឹមនឹងការគាំទ្របិទការនាំចូលបន្លែផ្លែឈើពីថៃ ប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភខ្លាចអាជីវករ ឈ្មួញកណ្តាលឆ្លៀតឱកាស។ តារាចម្រៀង លីម តិចម៉េង លោក ទ្រី សក្កដា ក៏បានលើកឡើងនៅលើបណ្តាញសង្គម ដោយសង្ឃឹមថាអ្នកលក់ដូរកុំឆ្លៀតឱកាសលើរឿងនេះ។
ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃ ទី១៧ ខែមិថុនា ថា«ពេលនេះជាពេលយើងត្រូវជួយគ្នាហើយ យើងបានបិទការនាំចូល បន្លែ ផ្លែឈើ ពីពួកគេហើយសង្ឃឹមថាមិនមានការឆ្លៀតឱកាសឡើងថ្លៃពីអាជីវករ ក្នុងស្រុក ហួសហេតុពេក ធ្វើឱ្យលំបាកខ្លាំងដល់ពុក ម៉ែបងប្អូនដែលក្រីក្រ តស៊ូជាមួយគ្នា ទាំងអស់គ្នាណា ខ្ញុំសូមអធ្យាស្រ័យបើនិយាយខុសត្រង់ណា ប៉ុន្តែពួកយើងត្រូវដឹងថា មនុស្សស្លាប់ប្រហែលជាអាចចាប់ជាតិវិញតែបើជាតិយើងស្លាប់នោះប្រហែលជាមិនដូចគ្នាទេ»។
ការលើកឡើងរបស់តារាចម្រៀង លីម តិចម៉េង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើន បង្ហាញការយល់ស្របនូវគំនិតដែលលោកបានលើកឡើង។ ក្នុងនោះមតិមួយចំនួនក៏មាន សង្ឃឹមថាគ្រានេះមិនមានជនឆ្លៀតឱកាសឡើង ថ្លៃហួសហេតុទៅចុះ។
ងាកមកកាន់លោក ទ្រី សក្កដា ហៅអាដា សក្កដា វិញក៏បានលើកឡើងពីឈ្មួញកណ្តាល មិនឡើងថ្លៃបំផ្លាញទឹកចិត្តអ្នកប្រើប្រាស់។លោកបានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៧ ថា «បន្លែផ្លែឈើ និងសាច់គ្រប់ប្រភេទ យើងផ្គត់ផ្គង់បានប៉ុណ្ណាយើង រៀនរស់ប៉ុណ្ណឹងទៅ សុំតែម្យ៉ាងទេកុំឆ្លៀតឡើងថ្លៃកប់ពពកបំផ្លាញទឹកចិត្តអ្នកប្រើប្រាស់ ជាពិសេសឈ្មួយកណ្តាល មួយៗណាបងប្អូន»។

គូសបញ្ជាក់ផងដែរថា ដោយសារតែមានការអង្វរពីរាជរដ្ឋាភិបាលថៃ សម្តេច តេជោ ហ៊ុន សែន បានទុកពេល២៤ម៉ោងឱ្យភាគីថៃ បើកព្រំដែនវិញតាមពេលវេលាកាលកំណត់ដូច កាលពីមុនបន្ទាប់ពីភាគីថៃបានបិទដោយឯកតោភាគី។ នៅថ្ងៃទី១៧ មិថុនា កម្ពុជាសម្រេច បិទមិនឱ្យនាំចូលបន្លែ ផ្លែឈើរបស់ថៃ នៅគ្រប់ច្រកព្រំដែនដូចអ្វីដែល សម្តេចមាន ប្រសាសន៍។ ក្រៅពីការបិទមិនឱ្យនាំចូលបន្លែផ្លែឈើខ្សែភាពយន្តថៃគ្រប់ប្រភេទក៏ បញ្ឈប់លែងឱ្យចាក់បញ្ចាំងនៅក្នុងរោងកុននិងទូរទស្សន៍កម្ពុជា ខណៈអគ្គិសនី និង អ៊ីនធឺណិតថៃ កម្ពុជាក៏លែងពឹងផ្អែកទៀតហើយ៕










