កាលពីមានជម្លោះរឿងប្រាសាទព្រះវិហារជាមួយកម្ពុជា និងត្រូវបានតុលាការកាត់ក្ដីឲ្យចា.ញ់ក្នុងឆ្នាំ១៩៦២ ថៃបានសម្ដែងនូវឥរិយបថមួយចំនួន និងប្រកាសពីការមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលបានធ្វើឲ្យសហគមន៍អន្តរជាតិ ចាត់ទុកទង្វើនេះថា ជាសកម្មភាពអសីលធម៌បំពានលើច្បាប់អន្តរជាតិ និងគំរា.មដកថៃចេញពីអង្គការសហប្រជាជាតិ។ នេះបើយោងតាមលោក យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើង។.jpg)
នៅក្នុងសំណេរមួយដែលបានចែករំលែកលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា នេះលោក យង់ ពៅ ផ្ញើជូនប្រទេសថៃថា ៖ មុននឹងប្រតិកម្មមកកម្ពុជា ថៃត្រូវតាំងចិត្តគោរព «ផែនទីដើម» ដែលភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤, ឆ្នាំ១៩០៧ ដូចដែលអតីតមហាក្សត្រថៃបានទទួលយកកាលពីឆ្នាំ១៩០៨ និង កុំចង្អុលមកកម្ពុជា ក្នុងខណៈថៃខ្លួនឯង ប្រើផែនទីចោរឆ្នាំ២០០៨។ បើមិនដូច្នោះថៃ នឹងរងនូវភាពអាម៉ាស់សារជាថ្មី និងបាត់បង់កិត្តិយសក្នុងឋានៈជារដ្ឋទំនើបមិនខាន។
នៅក្នុងសំណេរដដែលលោកបានរំលឹកថា ៖ កាលពី៦៣ឆ្នាំ ពោលគឺខែមិថុនា ១៩៦២ សហគមន៍អន្តរជាតិ បានចាត់ទុកថា សកម្មភាពរបស់ថៃជាឥរិយាបថអសីលធម៌លើច្បាប់អន្តរជាតិ ហើយគំរាមប្រទេសថៃ បើមិនព្រមអនុវត្តសាលក្រម ICJ (១៥ មិថុនា ១៩៦២) លើករណីប្រាសាទព្រះវិហារទេ នឹងមានបញ្ហានៅក្នុងកិច្ចការអន្តរជាតិ។ គ្រានោះ ប្រទេសមហាអំណាចបានព្រមានដល់ប្រទេសថៃ ថានឹងត្រូវបញ្ឈប់ពីតួនាទីជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសថៃមិនព្រមទទួលយកនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ និងបើមិនព្រមលះបង់ប្រាសាទព្រះវិហារ រួទាំងទឹកដីមួយចំនួនដែលខ្លួនកាន់កាប់នោះទេ»។

លោកបានបន្ថែមទៀតថា ការណ៍នេះ ថៃក៏បានគោរពតាមសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJពិតមែន។ ហើយថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ លោក សារិត ថាណារ៉ាត់ នាយករដ្ឋមន្ត្រីថៃនាសម័យនោះ បានប្រកាសថា ប្រទេសលោកលំឱនកាយគោរព ទទួលយក សេចក្ដីសម្រេច ICJ ដើម្បីគោរពនូវកិច្ចសន្យារបស់ខ្លួនទៅនឹងច្បាប់ធម្មនុញ្ញរបស់ UN។ បន្ទាប់មកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៦២ ប្រមុខការទូតថៃ ក៏បានផ្ញើលិខិតទទួលស្គាល់នូវសាលក្រមរបស់ ICJ ទៅកាន់អគ្គលេខាធិការ UN។
ទោះជាយ៉ាងណា ជម្លោះពាក់ព័ន្ធនឹងរឿងប្រាសាទព្រះវិហារនេះ នៅតែកើតឡើងម្ដងទៀត ដោយភាគីថៃមិនព្រមបោះបង់សិទ្ធិចង់កាន់កាប់ និងបញ្ជូនកម្លាំងទាហានឲ្យទៅឈរជើងនៅលើប្រាសាទឡើយ។
ប៉ុន្តែជាឡទ្ធផល ថៃត្រូវរងនូវភាពអាម៉ាសម្តងទៀត។ នេះក៏ព្រោះតែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទរបស់ខ្មែរនៅលើភ្នំដងរែកមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ដែលប្រការនេះ បានជំរុញឱ្យជម្លោះរវាងកម្ពុជានិងថៃមានការកើនឡើង តែត្រូវបានដោះស្រាយ និងបកស្រាយឡើងវិញ ដោយសេចក្តីសម្រេចរបស់ ICJ មួយផ្សេងទៀត នៅឆ្នាំ២០១៤ ហើយកម្ពុជានៅតែឈ្នះដដែល៕










