រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានមកជួបចរចារជាមួយ នាយឧត្ដមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា ដើម្បីស្វែងរកការបន្ធូរបន្ធយភាពតានតឹងចំពោះស្ថានភាពព្រំដែននៃប្រទេសទាំងពីរ ដោយស្នើសុំឲ្យកម្ពុជាដកកម្លាំងទ័ព ចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ប៉ុន្តែត្រូវបានលោក ទៀ សីហា បដិសេធភ្លាមៗ។

កិច្ចជួបពិភាក្សានេះ គឺត្រូវបានថៃជាអ្នកស្នើណាត់ជួបជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹងចំពោះស្ថានការណ៍ដែលកំពុងប្រឈមដាក់គ្នា។ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានបង្ហាញពីលទ្ធផលក្រោយជំនួប ក្នុងនោះលោកបានបញ្ជាក់ពីការឆ្លើយតបរបស់កម្ពុជាចំពោះសំណើររបស់ភាគីថៃថា «ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។»
ក្រៅពីនេះ លោកបានបន្ថែមទៀតថា «ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។».jpg)
ដោយឡែកក៏មានចំណុចដែលកម្ពុជា និងថៃបានយល់ស្របជាមួយគ្នាផងដែរ នោះគឺឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរ នឹងរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។
ក្រោយបញ្ចប់កិច្ចជំនួបពិភាក្សានេះ ភាគីថៃក៏បានបញ្ជាក់ផងដែរថា ថៃសូមច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ទាំងឡាយ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ព និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ ៕










