តារាចម្រៀង All3rgy – អលជ្ជី នៃសមាជិកក្រុម La cima បានបង្ហើបប្រាប់អ្នកគាំទ្រ របស់ខ្លួនថាមូលហេតុដែលលោកឧស្សាហ៍ចេញបទស្វីតៗនៅលើទីផ្សារដោយសារតែលោកមានស្រុកកំណើតមានឈ្មោះថា «ភូមិស្នេហ៍»។

ចុងក្រោយនេះតារាចម្រៀង All3rgy – អលជ្ជី ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីមានឱកាសដ៏ពិសេសដែលបានចេញបទចម្រៀងមានចំណងជើងថា «សូរិយា (អេតាស៊ីវិល)» ជាមួយនឹងព្រះនាង នរោត្តម ជេនណា។ ភាពល្បីល្បាញនេះមិនត្រឹមតែ ទាក់ទាញទស្សនិកជនក្នុងស្រុកតែប៉ុណ្ណោះទេប៉ុន្តែ MV នៃបទចម្រៀងនេះបានធ្វើ ឱ្យទស្សនិកជនប្រទេសជិតខាងមួយចំនួនឈឺចិត្តស្អិតទ្រូងនូវសំលៀកបំពាក់របស់ខ្លួនដែលព្រះនាងបង្ហាញផងដែរ។
ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះបទចម្រៀង «សូរិយា (អេតាស៊ីវិល)» របស់តារាចម្រៀង All3rgy – អលជ្ជី និង ព្រះនាង ជេនណា មានការស្តាប់លើសពី១២លានដងនៅលើ ឆាណែលយូធូបផ្លូវការរបស់ La Cima ។ នេះមិនមែនជាបទដំបូងនោះទេដែល តារាចម្រៀង All3rgy – អលជ្ជី ចេញបទស្វីតៗផ្អែមដូចស្ករតាំងម៉ែនេះលោកក៏ បានចេញបទចម្រៀង «ផ្កាស្លា» កាលពីកន្លងទៅដូចគ្នាហើយទទួលបាននូវ ការគាំទ្រខ្លាំងផងដែរ។

ការចេញបទចម្រៀងបែបស្វីតៗបែបនេះពីតារាចម្រៀង All3rgy – អលជ្ជី បានធ្វើឱ្យ អ្នកគាំទ្រមានការងឿងឆ្ងល់រហូតចោទសួរតារាចម្រៀងរូបនេះតែម្តង។ 
ឆ្លើយតបដោយមិនលាក់លៀមលោក All3rgy – អលជ្ជី បានបង្ហើបផងដែរ អ្នកគាំទ្រឈប់ឆ្ងល់ទៀតទៅថាហេតុអ្វីបានជាលោកធ្វើបទស្វីតៗដោយសារតែស្រុកកំណើតរបស់លោកគឺនៅ ភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកបានបន្ថែមទៀតថា លោកកើតនៅភូមិស្នេហ៍ហើយមិនធ្វើបទស្នេហាដូចជាមិនសម។ ក្នុងនោះដែរដើម្បីឱ្យអ្នកគាំទ្រជឿនូវអ្វីដែលខ្លួននិយាយថាលោកពិតជាកើត នៅភូមិស្នេហ៍ តារាចម្រៀង All3rgy – អលជ្ជី បានឱ្យអ្នកគាំទ្រ Search មើលបានថាពិតជាមាន ភូមិស្នេហ៍នៅខេត្តព្រៃវែងដូចអ្វីដែលលោកនិយាយឬអត់?៕










