សហរដ្ឋអាមេរិក ៖ នៅក្នុងសំណើរសន្តិសុខសំខាន់មួយ ដែលប្រទេសកាណាដាចង់ចូលរួមជាផ្នែកមួយក្នុងគម្រោងខែលមេឃាដ៏អស្ចារ្យ «The Golden Dome»របស់សហរដ្ឋអាមេរិក លោកDonald Trump បានលើកសំណើរពីរឲ្យប្រទេសកាណាដើម្បីជ្រើស ដោយទី១ កាណាដាត្រូវបង់ប្រាក់ចំនួន ៦១ពាន់លានដុល្លា និងទី២ កាណាដាត្រូវប្រគល់ប្រទេសខ្លួនឲ្យស្ថិតនៅក្នុងចំណុះជារដ្ឋទី៥១ របស់អាមេរិក ទើបអាចចូលក្នុងគម្រោងខាងលើបាន។

យោងតាមសារព័ត៌មានបរទេស បានឲ្យដឹងថា កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញចំណាប់របស់ខ្លួនសារជាថ្មីម្ដងទៀត អំពីការចង់ឲ្យប្រទេសកាណាដាព្រមចូលខ្លួនមកធ្វើជារដ្ឋទី៥១ របស់អាមេរិក ទាំងដែលកាលពីកន្លងទៅថ្មីៗនេះសំណើររបស់លោកត្រូវបានខាងកាណាដាច្រានចោលម្ដងរួចមកហើយ។ នៅពេលបំពេញទស្សនកិច្ចនៅសេតវិមានកាលពីដើមខែនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា ប្រទេសកាណាដាមិនមែនសម្រាប់លក់ទេ។
លោក Trump បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ៖ លោកបានប្រាប់កាណាដារួចហើយ បើចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធ Golden Dome ដ៏អស្ចារ្យរបស់អាមេរិក ប៉ុន្តែពួកគេចង់នៅជាប្រទេសដាច់ដោយឡែក នោះពួកនឹងត្រូវចំណាយអស់ប្រាក់ចំនួន ៦១ ពាន់លានដុល្លារមកឲ្យអាមេរិក ។ ប៉ុន្តែអាមេរិកនឹងមិនយកប្រាក់ពីកាណាដាទេ ប្រសិនបើកាណាដាព្រមក្លាយខ្លួនជារដ្ឋទី ៥១ របស់អាមេរិក។
.png)
ទោះជាយ៉ាងណា មិនមានការឆ្លើយតបពីកាណាដា ចំពោះការអះអាងរបស់លោកTrumpនោះទេ។ ប៉ុន្តែលោក Trump បានគូសបញ្ជាក់ថា កាណាដាកំពុងពិចារណាលើការផ្តល់ជូននេះ។
គួរជម្រាបជូនថា លោកត្រាំបានប្រកាសពីផែនការកសាងខែលមេឃា ដែលជាប្រព័ន្ធការពារមីស៊ីល Golden Dome ដ៏ធំសម្បើមកាលពីមួយសប្តាហ៍មុន។ គម្រោងនេះត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ប្រហែល ១៧៥ ពាន់លានដុល្លារ និងបញ្ចប់ការសាងសង់និងអាចប្រើប្រាស់បាន នៅចុងអាណត្តិរបស់លោកត្រាំនាឆ្នាំ២០២៩ខាងមុខ។ តែអ្នកជំនាញនិយាយថា គ្រោងការណ៍នេះ ប្រឈមមុខនឹងបញ្ហាបច្ចេកទេស និងនយោបាយដ៏ធំ ច្រើនជាងអ្វីដែលលោក Trump បានគិតទុក។
ចំណែកឯកាលពីប្រកាសនូវគម្រោងនេះ ប្រទេសកាណាដា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលរួមជាមួយប្រព័ន្ធការពារមីស៊ីលនេះដែរ។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបញ្ជាក់ថា ប្រទេសរបស់លោកបានជួបពិភាក្សាកម្រិតខ្ពស់ លើបញ្ហានេះជាមួយអាមេរិក។ ប៉ុន្តែលោកបានជំទាស់ ចំពោះការអំពាវនាវរបស់លោកត្រាំ ដែលចង់ឱ្យប្រទេសកាណាដាប្រែទៅជាផ្នែកមួយរបស់សហរដ្ឋអាមេរិក៕










