ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាល្បីឈ្មោះបានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំចំពោះមរណភាពកងទ័ពខ្មែរដែលបានពលីការពារជាតិទឹកដី។ អ្នកជំនួយល្បីឈ្មោះមានហាងជាច្រើនកន្លែងលោក ប៉ីប៉ី ឌី វិញក៏បានចូលរួមរំលែកទុក្ខដូចគ្នានិងមានបំណងចង់ជួយជាស្បៀងនិងថវិកាដល់គ្រួសារនៃសព។
ប៉ីប៉ី ឌី ថៅកែ ហឹរខនណើរនិងកាហ្វេខនណើរ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន នៅយប់ថ្ងៃទី២៨ ឧសភា ថា«សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពនិងសូមអរគុណ ចំពោះការលះបង់និងការពារទឹកដីខ្មែរខ្ញុំចង់រួមចំណែកខ្លះក្នុងការជួយជាស្បៀងនិងថវិការខ្លះហើយខ្ញុំជឿថាក៏មានបងប្អូនយើងជាច្រើនចង់ចូលរួមដូចគ្នាតើពួកខ្ញុំអាចទាក់ទងទៅអ្នកណាបាន?»។

សំឡេងមួយនេះពីបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រជ្រួលជ្រាបយ៉ាងខ្លាំងថែមទាំងមានបំណងចង់ឱ្យ ប៉ីប៉ី ឌី ជាអ្នកចាត់ចែងលើរឿង នេះដើម្បីអាចជួយទៅដល់គ្រួសារសពពិតប្រាកដព្រោះខ្លាចមានជនឆ្លៀតឱកាស។
ជាមួយគ្នានេះដែរ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏បានបង្ហោះសំណេរចូលរួមរំលែកទុក្ខចំពោះកងទ័ពខ្មែរដែលបានពលីការពារទឹកដីផងដែរ។ នាងបង្ហោះសំណេរនៅលើ Story ថា «នាងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារសព និង សូមកោតសរសើរចំពោះវីរៈភាពដ៏ក្លាហានរបស់បងៗកងទ័ពកម្ពុជាដែលបានពលីជីវិតការពារបូរណភាពទឹកដី»៕
		
	









