រាជធានីភ្នំពេញ ៖ សូមប្រុ.ងប្រយ័.ត្ន! ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសអំពីការស្លា.ប់របស់កុមារាម្នាក់ នៅភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ថាដោយសារជំងឺផ្តាសាយបក្សី បន្ទាប់រកឃើញលទ្ធផលវិជ្ជមានលើវីរុសផ្តាសាយបក្សី ប្រភេទហាស់5 អិន1 (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
កុមាររាខាងលើមានវ័យ 11ឆ្នាំ បានស្លា.ប់កាលពីថ្ងៃទី27 ខែឧសភា ឆ្នាំ2025 បន្ទាប់ពីបញ្ជូនមកដល់មន្ទីពេទ្យ។ បើតាមការបញ្ជាក់របស់ក្រសួង នៅពេលមកដល់មន្ទីរពេទ្យ គឺកុមារមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ ចំណែកការសាកសួរបន្ថែមអំពីមូលហេតុដែលអាចបណ្ដាលឲ្យឆ្លងនូវវីរុសនេះ គឺដោយសារតែនៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺ និងងា.ប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺ។
បច្ចុប្បន្ន ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងក៏បានធ្វើការក្រើនរំលឹកជាថ្មីម្ដងទៀតទៅកាន់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នជានិច្ចលើជំងឺផ្ដាសាយបក្សីនេះ។ ក្រៅពីនេះ ក្រសួងក៏បានជម្រាបបន្ថែមថាប្រសិនជាមានអក្ការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងា.ប់អំឡុងពេល14ថ្ងៃ មុនកើតមានរោគសញ្ញាដូចខាងលើ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាមៗ ដើម្បីស្វែងរកការព្យាបាលបានទាន់ពេលវេលា។
ចំពោះវិធីបង្ការការឆ្លងនៃជំងឺនេះមានដូចជា ៖
-កុំប៉ះពាល់មានទាឈឺ ឬងា.ប់ និងពាក់ស្រោមដៃ ម៉ាសបិទមុខឲ្យជិតមុនពេលចាប់កាន់សត្វទាំងនោះ
-ត្រូវលាងសម្អាតដៃឲ្យបានស្អាត មុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីបានប៉ះពាល់ជាមួយសត្វបក្សី
-ត្រួវចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ កុំបរិភោគស៊ុតជ័រភ្នៅ និងទុកដាក់ម្ហូបឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
-ប្រសិនបើមានមាន់ទាឈឺច្រើននៅក្នុងផ្ទះ ឬក្នុងភូមិ ហើយមានអក្ការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន និងធ្វើការពិនិត្យនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់៕










