ប្រទេសចិន ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ចិនបានរកឃើញមេរោគថ្មីនៅស្ថានីយអវកាស Tiangong ដែលមិនធ្លាប់ស្គាល់ពីមុន ។ អវកាសយានិកចិនអះអាងថា នៅបន្ទប់ពិសោធន៍លើអវកាសនឹងក្លាយជាកន្លែងដ៏ល្អសម្រាប់មេរោគថ្មីនេះធំធាត់ ប៉ុន្តែពួកគេពុំដឹងថា តើមេរោគនេះនឹងបង្កគ្រោះថ្នា.ក់ដល់មនុស្សដែរឬទេ?

យោងតាមអត្ថបទចុះផ្សាយក្នុងទស្សនាវដ្តី «International Journal of Systematic and Evolutionary Microbiology» របស់អ្នកវិទ្យាសាស្ត្រចិនឱ្យដឹងថា អវកាសយានិកចិនបានរកឃើញមេរោគថ្មីដែលពុំធ្លាប់ឃើញលើពិភពលោក ហើយពួកគេដាក់ឈ្មោះវាថា «Niallia Tiangongensis» ជាឈ្មោះរបស់ស្ថានីយអវកាស ។ អវកាសយានិកចិនសន្និដ្ឋាន មេរោគថ្មីនេះវិវត្តន៍ពីមេរោគមួយប្រភេទទៀតនៅក្រោមដី ។

ការយល់ដឹងពីលក្ខណៈមេរោគថ្មីក្នុងពេលបំពេញបេសកកម្មរយៈពេលវែង គឺមានសារៈសំខាន់ណាស់ដើម្បីការពារសុខភាពរបស់អវកាសយានិកចិន និងថែទាំដំណើរការរបស់យានអវកាស ។ នេះបើតាមការដកស្រង់ខ្លឹមសារអត្ថបទដែលផ្សាយក្នុងទស្សនាវដ្ដី ។.png)
កាលពីឆ្នាំ២០២៣ អវកាសយានិករបស់យានអវកាស Shenzhou-15 បានយកក្រណាត់មកជូតសម្អាតម៉ូឌុលរបស់ស្ថានីយអវកាស បន្ទាប់មក ក៏បង្កកក្រណាត់នេះបញ្ជូនមកផែនដី ដើម្បីពិនិត្យមើលថា វាផ្ទុកអ្វីខ្លះ ។ តាមការវិភាគបង្ហាញថា ក្នុងក្រណាត់មានមេរោគពូជថ្មី ដែលពុំធ្លាប់ស្គាល់ ។ អ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺមេរោគ Niallia Tiangongensis អាចសម្របខ្លួនដើម្បីរស់នៅលើលំហអាកាស, អាចការពារខ្លួនពីវិទ្យុសកម្ម និងអាចបង្កើតសារធាតុ Biofilm ដើម្បីការពារខ្លួនទៀតផង ។.png)
ប៉ុន្តែអវកាសយានិកចិនពុំប្រាកដចិត្តថា តើមេរោគថ្មី Niallia Tiangongensis បានវិវត្តន៍ខ្លួនពីមេរោគ Niallia Circulans ដែលមានហ្សែនស្រដៀងគ្នាដែរឬទេ? Niallia Circulans គឺជាមេរោគក្នុងដី ទឹក និងកាកសំណល់អាហារ ហើយអាចឆ្លងក្នុងឈាមមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ។ រីឯមេរោគថ្មី Niallia Tiangongensis គេមិនដឹងថា តើវាបង្កគ្រោះថ្នាក់ដល់មនុស្សដែរឬទេ?

តាមការចុះផ្សាយរបស់សារព័ត៌តមាន CCTV របស់ចិន គឺមេរោគថ្មីនេះមានទំហំតូច និងលាក់ខ្លួនក្នុងបន្ទប់គ្រប់គ្រងស្ថានីយអវកាស Tiangong វារស់នៅកន្លែងគ្មានទម្ងន់ ។ អវកាសយានិកចិនបានយកមេរោគនេះពីស្ថានីយអវកាស កាលពីខែឧសភា ឆ្នាំ២០២៣ មកកាន់ផែនដីដើម្បីស្រាវជ្រាវ ។
ការរកឃើញមេរោគថ្មីធ្វើឱ្យអ្នកវិទ្យាសាស្ត្រចិនយល់ដឹងកាន់តែច្បាស់ពីការវិវត្តខ្លួនរបស់មេរោគតូចៗ ដើម្បីឱ្យពួកគេផលិតយានអវកាសមានសុវត្ថិភាពសម្រាប់ជិះទៅលំហអាកាស នាថ្ងៃអនាគត ។ បច្ចុប្បន្ន ពួកគេកំពុងស្រាវជ្រាវពីមេរោគថ្មីវិវត្តន៍ខ្លួនដូចម្តេច និងអាចរស់នៅកន្លែងណាខ្លះ ៕










