កម្ពុជា និងហ្វីលីពីន គឺជាប្រទេសតែ២ប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ាន ដែលមិនមានច្បាប់ដាក់ទោសប្រហារជីវិត។

ទោសប្រហារជីវិត ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចលុបចោលនៅក្នុងឆ្នាំ១៩៨៩ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ការលុបចោលទោសប្រហារជីវិតនេះ ក៏ព្រោះតែក្នុងរដ្ឋធម្មនុញ្ញមាត្រា ៣២បានចែងថា៖ “ពលរដ្ឋទាំងអស់ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយគ្មានទោសប្រហារជីវិតឡើយ”។ ក្រោយមក ទោសប្រហារជីវិត នេះ ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ។

ដោយឡែក ចំពោះហេតុផលចម្បងមួយទៀត គឺដោយសារតែកម្ពុជា បានធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម ដូច្នេះរដ្ឋាភិបាល មិនចង់ឃើញមានការប្រហារជីវិតតាមរួបភាពណាមួយ បន្ទាប់ពីប្រជាពលរដ្ឋខ្លួនទើបរស់រានមានជីវិតឡើងវិញនោះឡើយ។

គួរបញ្ជាក់ថា នៅតំបន់អាស៊ាន កម្ពុជា និងហ្វីលីពីន សុទ្ធតែលំបាត់ទោសប្រហារជីវិត ខណៈប្រុយណេ មីយ៉ាន់ម៉ា និងឡាវ នៅរក្សាច្បាប់នេះ តែមិនយកមកអនុវត្តទៀតនោះទេ៕