មជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម។

ជុំវិញករណីនេះ នៅព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម ឈុំ សុជាតិ បានច្រានចោលចំពោះការចោទប្រកាន់របស់របាយការណ៍ភាគីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹកកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានលើកឡើងថា៖”សូមប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ”។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា៖” រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាត”៕