ប្រទេសដាណឺម៉ាក ៖ ប្រទេសដាណឺម៉ាក មានសកលវិទ្យាល័យសាធារណៈដែលអាចឲ្យសិស្សចូលរៀនបានដោយមិនបាច់បង់ថ្លៃសិក្សាអ្វីឡើយ លើសពីលើនេះសិស្សនិស្សិតដែលបានចូលរៀននៅទីនោះថែមទាំងទទួលបានជំនួយជាទឹកប្រាក់ប្រចាំខែរហូតដល់1ពាន់ដុល្លាទៀតផង។ ការផ្ដល់ជូននេះគឺដើម្បីលើកកម្ពស់កម្រិតចំណេះដឹងរបស់យុវជន និងជំរុញឲ្យពួកគេអាចបន្តការសិក្សានៅសកលវិទ្យាល័យបាន។
.png)
ការផ្ដល់ជូនជាការសិក្សា និងជំនួយផ្នែកហិរញ្ញវត្ថុបែបនេះ គឺធ្វើឡើងតាមរយៈគម្រោង Staten Educational Grant and Loan Scheme ដែលជាកម្មវិធីលើកទឹកចិត្តដល់និស្សិតទាំងឡាយកុំឲ្យបោះបង់ការសិក្សា ព្រមទាំងជំរុញឲ្យការអប់រំមានគុណភាពខ្ពស់។ ប្រាក់ជំនួយដែលផ្ដល់ឲ្យនោះ ជួយគាំទ្រសិស្សនិស្សិតលើការចំណាយប្រចាំថ្ងៃ ដូចជាកន្លែងស្នាក់នៅ អាហារ និងការរស់នៅរបស់ពួកគេ។

ចំពោះលក្ខខណ្ឌក្នុងការទទួលបានអាហាររូបករណ៍ខាងលើនេះរួមមាន ៖ សិស្សនិស្សិតត្រូវតែជាពលរដ្ឋដាណឺម៉ាក ឬជាពលរដ្ឋរបស់ប្រទេសនៅសហភាពអ៊ឺរ៉ុប (EU) ឬពលរដ្ឋប្រទេសស្វ៊ីស (EEA) ឬក៏ជានិស្សិតបរទេសដែលមានប័ណ្ណស្នាក់នៅប្រភេទពិសេស។ ពួកគេអាចស្នើសុំចូលរៀនមុខជំនាញណាមួយក៏បានដែលពួកគេចង់រៀន ហើយពួកគេក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែប្រមាណ 1ពាន់ដុល្លារក្នុងមួយខែ ប្រសិនបើពួកគេរស់នៅក្រៅដោយខ្លួនឯង។ រីឯសម្រាប់និស្សិតដែលរស់នៅជាមួយឪពុកម្ដាយ នឹងទទួលបានប្រាក់តិចជាងនេះអាស្រ័យលើចំណូល និងជីវភាពគ្រួសាររបស់គេ។

ក្រៅពីនេះ និស្សិតក៏អាចស្នើសុំប្រាក់កម្ចីពីរដ្ឋាភិបាលបានផងដែរ ដោយផ្ដល់អទិភាពជាពិសេសសម្រាប់និស្សិតដែលមានកូននៅក្នុងបន្ទុក ហើយប្រាក់កម្ចីនោះនឹងត្រូវសងទៅកាន់ខាងសាលាវិញនៅពេលពួកគេបញ្ចប់ការសិក្សា។
សរុបមក ប្រទេសដាណឺម៉ាកផ្ដល់ការសិក្សាឥតគិតថ្លៃ និងជំនួយសាច់ប្រាក់ ដើម្បីជាការសម្រាលបន្ទុកចំណាយរបស់ពួកគេ និងដើម្បីផ្ដល់ឳកាសសិក្សាទៅកាន់ពលរដ្ឋគ្រប់រូបដែលមានក្ដីស្រមៃចង់បន្តការរៀនសូត្រ ឲ្យអាចចូលរៀនបានដោយមិនចាំបាច់បារម្ភលើថ្លៃចំណាយ៕










