ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមស័ក្ត ថេបសុថិន បានសំណូមពរទៅកាន់ពលរដ្ឋ កុំឱ្យបារម្ភនឹងជំងឺកូវីដ-១៩ ត្រឡប់មកឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ ដោយលោកបញ្ជាក់ថា បច្ចុប្បន្ន វាបានក្លាយជាជំងឺក្នុងតំបន់រួចហើយ ទោះជាវាងាយឆ្លង ប៉ុន្តែរោគសញ្ញាពុំធ្ងន់ធ្ងរទេ ខណៈចំនួនអ្នកជំងឺកូវីដថ្មីបានធ្លាក់ចុះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXsqMPFPjE6S7P0N-q_GTtngPAFS-n3VzvUwChdFrdwsszGx2_xbL6NVK8xtY8bBH74iZkgFqpcKjkS46-t9qP021NgEH7OP8liwn0nqT_VHUf9wJt59MSWwL-b8jj129AzfhxgH7TmK-C1ziRZrQQJDDmoU6KeVvRj4RbPF2pA1he1MJFvDiR9jhc4y6l/s1020/photo_2025-05-10_16-53-41.jpg
នាពេលថ្មីៗនេះ គ្រូពេទ្យថៃបានដាស់តឿនពលរដ្ឋពីជំងឺកូវីដឆ្លងរាតត្បាតជាថ្មីថា ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែឧសភា ឆ្នាំ២០២៥ (រយៈពេលជាង៤ខែ) គឺមានអ្នកជំងឺកូវីដ ចំនួន៥៣,៦៧៦នាក់ ស្លាប់១៦នាក់ ហើយទីក្រុងបាងកក មានអ្នកជំងឺកូវីដច្រើនជាងគេ ស្មើ១៦,៧២៣នាក់ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFnW3kTagFM3ngkWdIk3NJfmLZnTfwiQshYbddAfRsNn-CJ5G6E7jPmZBOkwbf62BB6bNXHWRrs2HR8V2Vy8NowVYuz3IC_dsdSqRmnqA8Bqi9A8lDOtBGiinvWnE87gbhYGblkBcRPB5sVKTBKG-ePE3q54dgUeaVUbVfD4e8Hqr3XpusfIdRCob-7p7/s1200/photo_2025-05-10_16-53-41%20(4).jpg

ជំងឺកូវីដឆ្លងរាតត្បាតខ្លាំង ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គឺមានអ្នកជំងឺកូវីដ ចំនួន១៤,៣៤៩នាក់ ក្នុងនោះស្លាប់២នាក់ ។ រយៈពេលនេះជំងឺកូវីដបានឆ្លងនៅទីក្រុងបាងកកច្រើន ស្មើ៤,៦២៤នាក់ បន្ទាប់មក គឺខេត្តឈុនបុរី ស្មើ១,១៧៧នាក់, ខេត្តនុនថាក់បុរី ស្មើ៨៦៦នាក់ និងខេត្តរ៉ាក់យ៉ង ស្មើ៥៥៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyEQNuA9RAbSAru7sOJDT06a8-WiS2XVUdKH07MtzqVt4oXoc-lMbxCMktRUs0Y0Cpj28Dmlw8nKoYASyMnZvnsq6JDSFI1cUymr-BY0iARuSMALEbedB669LQ69Og5VhytVVas9BFT-BG_2Lflihzkjd2fKwBLHlWwnGKEfGBJDPfZULVEuxbvQ3IJMW/s795/photo_2025-05-10_16-53-41%20(3).jpg

ចំណែកចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ គឺមានអ្នកជំងឺកូវីដ ចំនួន១២,៥៤៣នាក់ ។ បើតាមទិន្នន័យនេះឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដថ្មីចាប់ផ្តើមធ្លាក់ចុះហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJCGnAtYWf2C4GGIYJJCstjfAjDjMdLDhmID7rHZdWn4Gdy9sa6Eu6u137IjpGDdPLH1kwaeFQM38yTn6s6T2h5TQjRghfLQnVdlMYIdYHhmNND4VglAVgwnHcUJHEyPiClY56V9kqZFu2PMXyzTWlGe7j_HIDfiJVvIZT_EmV-9PM6fyK25mTijv6m_f/s1000/photo_2025-05-10_16-53-41%20(2).jpg
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមស័ក្ត និយាយថា ៖ «តាមទិន្នន័យតាមដានជំងឺរាតត្បាត គឺប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដជាបន្តបន្ទាប់ ដោយសារការប្រមូលផ្តុំមនុស្សជាច្រើន រួមទាំងកត្តាអាកាសធាតុ ជាពិសេស នៅរដូវវស្សា មានអ្នកជំងឺកូវីដកើនឡើងច្រើន ។ ខ្ញុំសូមបញ្ជាក់ថា កូវីដ គឺជាជំងឺក្នុងតំបន់ ហើយមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ។ ដូច្នេះ សូមពលរដ្ឋកុំភ័យស្លន់ស្លោ ពីព្រោះកូវីដបច្ចុប្បន្នឆាប់ឆ្លង ប៉ុន្តែពុំធ្ងន់ធ្ងរ សូមពលរដ្ឋការពារខ្លួនដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNZ1iPxaSHk_ioRCZ3BECeN41a5Unl0yrpG0COwAZKyI8cA05nf2ginHEvL4ntrR3KlXSLgUfzdNu4B-s0TBgpiRvBFgmiJWyxKWP53uG4zjrZh5dqpU3SkWhTjLv7PpUB3LuetYNfUqsfpxsApEwSJX99kqgjHzZuG1UfdGLKmMb2YO5CEcRb9GdZpneK/s990/image_2025-05-09_13-35-25%20(2).png

លោក ស៊ុមស័ក្ត បន្តថា បើពលរដ្ឋឈឺថ្កាត់ ឬសង្ស័យថាកើតជំងឺកូវីដ គួរអនុវត្តតាមចំណុចខាងក្រោមនេះ ៖

១-បើមានរោគសញ្ញាសង្ស័យ ឬមានបញ្ហាផ្លូវដង្ហើម ដូចជា ៖ ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺក មានស្លេស្ម ឈឺក្បាល និងអស់កម្លាំង ចូរធ្វើតេស្ត ATK
២-បើលទ្ធផលការធ្វើតេស្តវិជ្ជមាន ចូរពាក់ម៉ាស់ជានិច្ច, ឈប់ចូលរួមសកម្មភាពជាមួយគ្រួសារ និងអ្នកដទៃ រួមទាំងប្រើប្រាស់សម្ភារៈដាច់ដោយឡែក ។ បើចាំបាច់ត្រូវចេញក្រៅលំនៅឋាន ចូរឱ្យរក្សាគម្លាត លាងដៃ និងពាក់ម៉ាស់ជានិច្ច
៣-ករណីរោគសញ្ញាស្រាល ដូចជា ៖ ក្តៅខ្លួន ក្អក និងមានស្លេស្មតិចតួច ប៉ុន្តែពុំអាចធ្វើតេស្ត ATK ចូរចៀសវាងកុំទៅទីប្រជុំជន ។ បើចាំបាច់ត្រូវទៅកន្លែងមនុស្សច្រើន ចូរពាក់ម៉ាស់ជានិច្ច
៤-បើមានអាការៈធ្ងន់ធ្ងរ ដូចជា ៖ ក្តៅខ្លួនខ្លាំង នឿយហត់ ពិបាកដកដង្ហើម ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាល និង
៥-ផ្អាក ឬចៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមមនុស្សងាយឆ្លងជំងឺកូវីដ ដូចជា ៖ អ្នកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺសរសៃឈាមបេះដូង, ជំងឺតម្រងនោមរ៉ាំរ៉ៃ, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺធាត់, ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ។ ប៉ុន្តែបើពុំអាចផ្អាកទំនាក់ទំនងជាមួយអ្នកកើតជំងឺទាំងនេះទេ ចូរពាក់ម៉ាស់ជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6u5yBa5J0nhyphenhyphenyH6Q4FM0smfZn9W1AgAkINnv1-GotzmdbUjfw4XusHLmN4Llc9buqb9JrB7-3XfXLXt6I77zlcc2Q7rp7xmOzthbe5C4WExk1JvEESTJE9dJA6w1VWxf1T3Q5w-6pdKMXn0OwRrZF_uR6PJ4qrWB7SUgbtnSR-qlEvPlDHQOKQsez_8-/s1278/image_2025-05-09_13-35-25.png

គួរបញ្ជាក់ថា ក្រោយពីគ្រូពេទ្យថៃបានបង្ហាញទិន្នន័យជំងឺកូវីដត្រឡប់មកឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ ជាពិសេស នៅទីក្រុងបាងកក បានធ្វើឱ្យអាណាព្យាបាលសិស្សបារម្ភយ៉ាងខ្លាំង ដោយសារសាលារៀនជិតបើកបវសនកាល ៕