ប្រទេសថៃ ៖ តាំងពីចុងខែមេសា ឆ្នាំ២០២៥ ខ្យល់ព្យុះរដូវក្តៅបានបោកបក់មកលើប្រទេសថៃ ធ្វើឱ្យបណ្តាខេត្តជាច្រើនបាក់ដើមឈើតាមផ្លូវ រលំបង្គោលភ្លើង ដាច់ចរន្តអគ្គិសនី និងមានទឹកជំនន់ ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះធម្មជាតិកើតឡើងភ្លាមៗ ដូចជា ៖ ការបាក់ដី និងទឹកហូរពីតំបន់ព្រៃភ្នំ ដោយប្រមូលទ្រព្យសម្បត្តិមានតម្លៃ និងសត្វពាហនៈទៅកាន់កន្លែងខ្ពស់ ឬមានសុវត្ថិភាពជាបន្ទាន់ ប៉ុន្តែបើទោះជាសត្វពាហនៈរួចផុតពីគ្រោះថ្នា.ក់ដោយសារទឹកជំនន់ក្តី ប៉ុន្តែពួកវាបែរជាងា.ប់ ដោយសាររន្ទះបា.ញ់ ទៅវិញ ។

សារព័ត៌មានថៃរាយការណ៍ថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខ្យល់ព្យុះរដូវក្តៅបានបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងនៅខេត្តសុខោទ័យ បណ្តាលឱ្យគោរបស់លោក ព្រីឆា ឡាមូន ចំនួន១៣ក្បាល ដែលបានចងក្រោមដើមឈើនៅទីវាល ស្ថិតក្នុងភូមិ៥ ក្នុងឃុំវាំងលឹក ស្រុកបានដានឡានហយ ត្រូវរន្ទះបាញ់ងាប់ ។ វាធ្វើឱ្យលោកតក់ស្លុតយ៉ាងខ្លាំង ពីព្រោះពុំធ្លាប់ជួបហេតុការណ៍នេះជាច្រើនឆ្នាំមកហើយ ។ ក្រោយមក មន្ត្រីបសុសត្វស្រុក និងអាជ្ញាធរឃុំវាំងលឹក ក៏បានចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
លោក ព្រីឆា ឡាមូន អាយុ៦០ឆ្នាំ ជាម្ចាស់គោដែលត្រូវរន្ទះបាញ់ងាប់ និយាយថា កាលពីយប់ថ្ងៃទី៣០ ខែមេសា កន្លងមក លោក និងក្រុមគ្រួសារបានចងគោចំនួន២៤ក្បាលក្រោមដើមឈើនៅទីវាលជិតផ្ទះ ។ នៅយប់នោះ លោកបានឮសំឡេងរន្ទះបាញ់ខ្លាំងៗជាច្រើនលើក ដែលធ្វើឱ្យលោកបារម្ភពីគោទាំង២៤ក្បាល នៅក្រោមដើមឈើ ប៉ុន្តែលោកពុំបានចេញមកមើលទេ ។ លុះព្រឹកឡើង លោកក៏ចេញមកមើលគោរបស់ខ្លួន ឃើញថា គោបានងាប់អស់ចំនួន១៣ក្បាល ដោយសាររន្ទះបាញ់ ។
លោករន្ធត់ចិត្តយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងនេះ ពីព្រោះពុំធ្លាប់ឃើញរន្ទះបាញ់បែបនេះពីមុន ។ រយៈពេលជាច្រើនឆ្នាំកន្លងមក លោកតែងតែយកគោមកចងនៅក្រោមដើមឈើជានិច្ច និងគ្មានហេតុការណ៍អ្វីកើតឡើយទេ ប៉ុន្តែនៅឆ្នាំ២០២៥ លោកបានយកដែកមកធ្វើក្រោលគោ ហើយវាអាចជាមូលហេតុបណ្តាលឱ្យមានរន្ទះបាញ់ ។ រីឯខ្មោចគោទាំង១៣ក្បាល លោកបានលក់ទៅឱ្យក្រុមអាជីវករអស់ហើយ គឺគោ១ក្បាល លក់តម្លៃ២,០០០បាត (ឬជាង៦០ដុល្លារអាមេរិក) ។
គួរបញ្ជាក់ថា ក្រៅពីរន្ទះបាញ់ងាប់គោមួយហ្វូងនៅភូមិ៥ ឃុំវាំងលឹក អាជ្ញាធររាយការណ៍ថា លំនៅឋានពលរដ្ឋនៅភូមិ៤ និងភូមិ១០ ក្នុងឃុំខៅកែវស្រ៊ីស៊ុប៊ូន បានខូចខាតចំនួន៣ខ្នង ដោយសារខ្យល់ព្យុះ ។ អាជ្ញាធរមូលដ្ឋានត្រៀមកម្លាំងជួយជុសជុលលំនៅឋានពលរដ្ឋ និងសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ ដោយសារប្រទេសថៃរងឥទ្ធិពលខ្យល់ព្យុះរដូវក្តៅ ៕










