ប្រទេសថៃ ៖ អាជ្ញាធរស្រុកដូនតាន់ ខេត្តមុកដាហាន ប្រទេសថៃ បានប្រកាសតំបន់បិទខ្ទប់ជំងឺ “អង់ត្រាក់” ដោយសារមានអ្នកភូមិយ៉ាងហោចណាស់ ២៤៧នាក់ បានធ្វើទុក្ខមិនស្រួលខ្លួនចូលមន្ទីពេទ្យ និងថែមទាំងមានមនុស្សម្នាក់បានស្លា..ប់ បន្ទាប់ពីពួកគេបានកា..ប់គោចែកគ្នាបរិភោគក្នុងកម្មវិធីបុណ្យមួយនៅក្នុងភូមិ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ជំងឺអង់ត្រាក់(Anthrax) ឬ ឈាមខ្មៅ ឬ ពិសធ្យូង គឺជាជំងឺ zoonotic ធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគ Bacillus anthracis ដែលរស់នៅលើដីក្នុងបរិស្ថានអស់ជាច្រើនឆ្នាំ។ វាឆ្លងទៅលើសត្វចៃដូចជា គោ ក្របី ពពែ និងចៀម ហើយអាចឆ្លងទៅមនុស្សតាមរយៈការប៉ះផ្ទាល់ ការបរិភោគសាច់ឆៅ ឬមិនទាន់ឆ្អិន និងការប៉ះពាល់នឹងកន្លែងដែលមានមេរោគនោះ។
លោកវេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក DDC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ១ ឧសភា ថា មនុស្សម្នាក់ដែលបានស្លា..ប់ដោយសារជំងឺ anthrax គឺជាកម្មករសំណង់ ភេទប្រុស អាយុ៥៣ឆ្នាំ និងមានជំងឺទឹកនោមផ្អែម។ លោក Phanumat បានបញ្ជាក់ទៀតថា ៖ អ្នកជំងឺបានកើតដំបៅនៅដៃស្តាំកាលពីថ្ងៃទី២៤ ខែមេសា ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែមេសា។ រោគសញ្ញារបស់គាត់កាន់តែអាក្រក់ទៅៗ ដោយមុខរបួសប្រែជាខ្មៅ ហើមកូនកណ្តុរនៅក្រោមក្លៀកខាងស្តាំ ដួលសន្លប់ និងប្រកាច់មុនពេលគាត់ស្លា..ប់អំឡុងពេលព្យាបាល។ គ្រូពេទ្យនៅទីនោះសង្ស័យថាវាអាចជាជំងឺ “អង់ត្រាក់” ហើយបានបញ្ជូនសំណាកទៅមន្ទីរពិសោធន៍ និងពិតជាបានរកឃើញមេរោគ Bacillus anthracis ប្រាកដមែន។ 
ក្រុមត្រួតពិនិត្យជំងឺរួមគ្នាពី DDC ដែលធ្វើការស៊ើបអង្កេតពីប្រភពដើមនៃជំងឺនេះ បានកំណត់អត្តសញ្ញាណបុគ្គលដែលកំពុងមានហានិភ័យឆ្លងចំនួន 247 នាក់ ហើយមាន 28 នាក់ដែលបានប៉ះពាល់សត្វគោនោះដោយផ្ទាល់ព្រោះពួកគេជាអ្នកចូលរួមក្នុងការសម្លា..ប់ រឺឯ 219 នាក់ទៀតគឺជាអ្នកបានទទួលទានសាច់គោឆៅ។
ចំពោះរោគសញ្ញា ជាធម្មតាវានឹងលេចឡើងក្នុងរយៈពេល 1-5 ថ្ងៃ ដែលកើតមានជាគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដំបៅខ្មៅនៅស្បែក និងពិបាកដកដង្ហើម។ បើមិនព្យាបាលទាន់ពេលទេ អត្រាស្លាប់អាចកើនឡើងដល់ 80%។
មន្ទីរសុខាភិបាលថៃក៏បានជូនដំណឹងដល់ពលរដ្ឋអំពីវិធីការពារខ្លួន និងទប់ស្កាត់ជំងឺនេះដូចខាងក្រោម៖
-ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយសត្វគោ ក្របី ពពែ និងចៀម។
-លាងដៃរបស់អ្នក និងសម្អាតរាងកាយឱ្យបានហ្មត់ចត់ បន្ទាប់ពីប៉ះពាល់សត្វ។
-ទទួលទានតែសាច់ឆ្អិន ហាមបរិភោគសាច់ឆៅ។
-រាយការណ៍ការស្លា..ប់របស់សត្វដែលខុសប្រក្រតីទៅអាជ្ញាធរជាបន្ទាន់។
-ទៅជួបជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ករណីកើតមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយលើរាងកាយ៕.jpg)










