ក្រសួងរ៉ែ និងថាមពល បានចេញលិខិតបដិសេធ ជុំវិញការចុះផ្សាយរបស់សារព័ត៌មួយចំនួន ដែលថាខេត្តកំពត នឹងទទួលបានការវិនិយោគទៅលើគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងក្នុងតម្លៃ ៣,៥ពាន់លានដុល្លារ”។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថា៖” ក្រុមហ៊ុន Guanzun Energy Investment គ្រោងបើកគម្រោងរោងចក្រចម្រាញ់ប្រេងដែលមានសមត្ថភាពចម្រាញ់ប្រេងបាន ១០លានតោនក្នុងមួយឆ្នាំ នៅលើផ្ទៃដីប្រមាណ ២៣៤ ហិកតា នៅខេត្តកំពត”។
បន្ថែមពីនេះ បើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៥ ខែមេសា កន្លងបានទៅ ក៏បានលើកឡើងដែរថា៖” តំណាងក្រុមហ៊ុននេះ បានមកជួបជាមួយឯកឧត្តម>ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បី ពិភាក្សាការងារ និងសុំការអនុញ្ញាត ដើម្បីចុះពិនិត្យភូមិសាស្ត្រ ក្នុងខេត្តកំពតដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងកាត”។
ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ ក្រសួងរ៉ែ បានបញ្ជាក់ថា៖”ក្រុមហ៊ុនខាងលើពុំធ្លាប់ទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យធ្វើការវិនិយោគគម្រោងនេះនៅឡើយទេ”។
ក្រសួង ក៏បានស្នើសុំឱ្យសាធារណជនបញ្ឈប់ការចែកចាយព័ត៌មាននេះជាបន្ទាន់ ដែលក្រសួងចាត់ទុកថា”គ្មានមូលដ្ឋានជាការពិត”៕











