លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពោលសរសើរមិនដាច់ពីមាត់ទៅកាន់បវរកញ្ញា កុយ អេនណា ដែលប្រឹងប្រែងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយឆ្លងកាត់ការលំបាកយ៉ាងខ្លាំងទាំងមិនទទួលបានថវិកាអ្វីឡើយក្រៅពីពាក្យថាអរគុណ។
នៅថ្ងៃទី២៦ ខែមេសា មានសិល្បករសិល្បការិនីជាច្រើនរូបបានចូលរួមក្នុងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ក្រោមប្រធានបទ «សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ»
ដោយមានការតាំងបង្ហាញជូននូវសម្លៀកបំពាក់មង្គលការខ្មែរតាំងពីសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងពិព័ណ៍ផលិតផលផ្សេងដែលធ្វើដោយដៃ។ ក្នុងព្រឹត្តិការណ៍វប្បធម៌នេះបវរកញ្ញាដ៏មានឈ្មោះបោះសំឡេង កុយ អេនណា ក៏បានចូលរួមដោយបានស្លៀកពាក់ចងពុងកាន់ក្អមយ៉ាងស្រស់ស្អាតក្នុងបែបជានារីខ្មែរ។
អ្វីដែលធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍នោះ កុយ អេនណា គឺទទួលបានការសរសើរពីថ្នាក់ដឹកនាំនៅក្នុងកម្មវិធីពីការខិតខំប្រឹងប្រែងរបស់នាងក្នុងការលើកស្ទួយវប្បធម៌ខ្មែរ។ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា «កុយ អេនណា ដែលថតនៅបឹងព្រលិតគឺមានការអាណិតខ្លាំង ព្រោះត្រូវឈ្លើងទាម តែទោះជាយ៉ាងណានាងធ្មេចភ្នែកប៉ះចេញថតទាល់តែចប់ សូមកោតសរសើរតែម្តង»។
លោកជំទាវបានបន្ថែមថា «នេះហើយជាទឹកចិត្តសិល្បករសិល្បការិនី ហើយការថតនោះមិនបានលុយនោះទេ ដោយលោកជំទាវបញ្ជាក់ដែរថា សិល្បករផ្សេងទៀតសុទ្ធតែមិនបានលុយដូចគ្នា ហើយគ្មានអ្វីក្រៅពីលើកដៃអរគុណនូវទឹកចិត្តសិល្បករសិល្បការិនី។ហើយកុយ អេនណា មិនត្រឹមតែឈ្លើងទាមទេណែនាំបឹងឈូកបឹងប្រលិតទាំងលោកជំទាវផ្ទាល់រកទីតាំងមិនឃើញឡើយរកឡើងបីខែ»។
គួរឱ្យដឹងថា តាមរយៈសកម្មភាពកន្លងមកគេសង្កេតឃើញថា កុយ អេនណា បានចូលរួមថតទីតាំងស្អាតៗជាច្រើននៅក្នុងប្រទេសកម្ពុជារួមទាំងក្រៅស្រុកមួយចំនួនទៀតហើយនាពេលបច្ចុប្បន្ននេះទស្សនិកជនបានចាប់អារម្មណ៍ខ្លាំងចំពោះពណ៌សម្បុររបស់នាង។ ជាមួយនឹងការផ្លាស់ប្តូរខ្លួនឯងកាន់តែស្រស់ស្អាតនេះ កុយ អេនណា បានបង្ហាញមុខនៅក្នុងសន្និសីទសារព័ត៌មានបវរកញ្ញាចក្រវាលកម្ពុជាធ្វើឱ្យអ្នកគាំទ្រជាច្រើនរពឹងថានាងនឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញានេះ៕










