រាជធានីភ្នំពេញ ៖ សេវាផ្ដល់លិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញដែលទទួលខុសត្រូវបម្រើជូនប្រជាពលរដ្ឋ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បាននិងកំពុងទាក់ចិត្តពលរដ្ឋអ្នកស្នើសុំសេវាដែលនិយមប្រើប្រាស់តាមបច្ចេកវិទ្យាជាបន្តបន្ទាប់។
ការស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ គឺមានភាពងាយស្រួល និងឆាប់រហ័ស ដោយដំណើរការស្នើសុំគ្រាន់តែតម្រូវឲ្យអ្នកចូលទៅក្នុងគេហទំព័ររបស់ “អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម” បន្ទាប់មកធ្វើការចុះឈ្មោះដោយបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួន រួមជាមួយឯកសារមួយចំនួន និងដាក់ស្នើសុំ។ ក្រោយមកអ្នកត្រូវរង់ចាំដើម្បីឲ្យខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រួតពិនិត្យឯកសាររបស់អ្នក ក្នុងករណីព័ត៌មាន ឬឯកសាររបស់អ្នកមានគ្រប់គ្រាន់ និងត្រឹមត្រូវអស់ហើយ នោះខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងធ្វើការជូនដំណឹងមកអ្នក ដើម្បីឲ្យអ្នកទៅទទួលយកលិខិតឆ្លងដែននៅទីតាំងណាមួយដែលអ្នកបានស្នើសុំមិនខាន។

ពលរដ្ឋម្នាក់ដែលបានចុះឈ្មោះស្នើសុំសេវាផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញបានពោលសរសើថា ៖ ជឿអត់មកធ្វើ Passport ចំណាយពេលប៉ុន្មាននាទីប៉ុណ្ណោះ? បើចង់លឿន ចុះឈ្មោះតាមអនឡាញជាមុន ពេលមកដល់ទីតាំងនឹងមានភាពងាយស្រួល មន្រ្តីរួសរាយ និងធ្វើការលឿនរហ័ស។.jpg)
តាមប្រភពពលរដ្ឋដដែលបានបន្តទៀតថា ៖ តាមពិតពីដំបូងលោកគ្រាន់ចុចចុះឈ្មោះសាកល្បងនោះទេ ព្រោះមិនដឹងថាវាដំណើរការរបៀបណាឡើយ ប៉ុន្តែបន្ទាប់ពីធ្វើតាមការណែនាំរបស់ជំហាននីមួយៗ ដោយបញ្ចូលឯកសារមួយចំនួន ហើយទទួលបានជោគជ័យដោយមិនមានភាពស្មុគស្មាញឡើយ។ ជាងនេះទៅទៀតលោកបានបន្ថែមថា ៖ ត្រឹមរយៈពេលមិនដល់ ២៤ម៉ោងផង លោកបានទទួលសារជូនដំណឹងពី “អគ្គនាយកដ្ឋានអន្តោប្រវេសន៍” ឲ្យលោកយកឯកសារទៅបំពេញបែបបទនៅទីតាំងដែលបានស្នើសុំ។
ឆ្លងកាត់បទពិសោធន៍នេះ លោកអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់ធ្វើលិខិតឆ្លងដែន ឲ្យសាកល្បងចុះឈ្មោះតាមប្រព័ន្ធអនឡាញជាមុនសិន ព្រោះវាមានភាពងាយស្រួល ចំណាយពេលវេលាតិចតួចបំផុត និងល្អសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់លិខិតឆ្លងដែនបន្ទាន់។.jpg)
គួររំលឹកថា សេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ ត្រូវបានដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤កន្លងមក ដោយទទួលបានលទ្ធផលការងារតាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សរុបចំនួន ៥,១៨៨ពាក្យហើយ៕










