និស្សិតចិនជាច្រើនបានសម្រេចចិត្តឈប់រៀននៅសាកលវិទ្យាល័យអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump កាត់បន្ថយថវិកាឧបត្ថម្ភសាកលវិទ្យាល័យ រឹតបន្តឹងទិដ្ឋាការ និងចោទប្រកាន់និស្សិតចិនពីការប្រព្រឹត្តទង្វើអសន្តិសុខ ។ និស្សិតចិនបានបោះបង់ក្តីសុបិនរបស់ខ្លួន ដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យអាមេរិក ហើយងាកមករៀនសាកលវិទ្យាល័យនៅអឺរ៉ុប និងអាស៊ីវិញ ។
និស្សិតមកពីប្រទេសជុំវិញពិភពលោក ប្រាថ្នាចង់រៀននៅសាកលវិទ្យាល័យនានារបស់អាមេរិក ជាពិសេស និស្សិតចិនបានរៀននៅអាមេរិកច្រើនជាងគេអស់រយៈពេលជាង១៥ឆ្នាំ ប៉ុន្តែក្តីសុបិនចាប់ផ្តើមបាត់បង់ក្រោយពីលោក Trump កាន់តំណែងជាថ្មី ។ លោក Trump បានកំណត់គោលនយោបាយកាត់ប្រាក់ឧបត្ថម្ភសាកលវិទ្យាល័យ រឹតបន្តឹងទិដ្ឋាការ និងចោទប្រកាន់និស្សិតចិនពីការប្រព្រឹត្តទង្វើអសន្តិសុខ ដែលធ្វើឱ្យចំនួននិស្សិតចុះឈ្មោះបន្តការសិក្សានៅសាកលវិទ្យាល័យអាមេរិកធ្លាក់ចុះបន្តបន្ទាប់ ។
កញ្ញា យៅ អាយុ២៥ឆ្នាំ និស្សិតចិនផ្នែកជីវវិទ្យា ដែលមានបំណងសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក បែរជាត្រូវពន្យារពេលការសិក្សា ពីព្រោះសាកលវិទ្យាល័យខ្វះខាតថវិកាពីរដ្ឋាភិបាល ទើបនាងសម្រេចចិត្តរៀននៅប្រទេសផ្សេងវិញ ។

រដ្ឋាភិបាលលោក Trump បានលុបឈ្មោះនិស្សិតបរទេសជាង៤,៧០០នាក់ ចេញពីទិន្នន័យអន្តោប្រវេសន៍អាមេរិក ដែលធ្វើឱ្យនិស្សិតទាំងនេះប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសវិញ ក្នុងនោះអាមេរិកបានលុបទិដ្ឋាការនិស្សិតចិន១៤% ។ បច្ចុប្បន្ន អាណាព្យាបាល ក៏ដូចជានិស្សិតចិនខ្លួនឯងគ្មានទំនុកចិត្តលើការសិក្សានៅអាមេរិកទេ ។
លើសពីនេះ អាមេរិកបានបង្កើតច្បាប់ និងសំណើមួយចំនួនកំណត់គោលដៅទៅនិស្សិតចិន ដូចជា ៖ ការបញ្ជូនលិខិតសាកសួរទៅសាកលវិទ្យាល័យល្បីៗចំនួន៦ ពាក់ព័ន្ធនឹងនិស្សិតចិនចូលរួមស្រាវជ្រាវ ដែលទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ។ គណៈកម្មការសភាអាមេរិកដែលធ្វើការពាក់ព័ន្ធនឹងចិន បញ្ជាក់ថា និស្សិតចិនអាចជាសត្វសេះរបស់គណបក្សកុម្មុយនិស្តចិន ដែលដឹងទិន្នន័យស្រាវជ្រាវអាមេរិក ។
ក្រោយនិស្សិតចិនចាកចេញពីអាមេរិក សាកលវិទ្យាល័យក្នុងប្រទេសនានាបានក្លាយជាជម្រើសថ្មីសម្រាប់និស្សិតចិន ដូចជា ៖ សាកលវិទ្យាល័យ Bocconi នៅអ៊ីតាលី ទទួលបានការសាកសួរព័ត៌មានការសិក្សាពីនិស្សិតចិនយ៉ាងច្រើន ជាពិសេស ពេល Trump ដំឡើងពន្ធទំនិញ ។ វាធ្វើឱ្យការចាប់អារម្មណ៍ទៅរៀននៅអាមេរិកធ្លាក់ចុះ៥% ខណៈការស្វែងរកការសិក្សាថ្នាក់បណ្ឌិតនៅអាមេរិក ធ្លាក់ចុះ១២% ។
ការធ្លាក់ចុះនិស្សិតចិនបានប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ខណៈកាលពីឆ្នាំ២០២៣ និស្សិតចិនបានផ្តល់ចំណូលជាង១៤,៣០០លានដុល្លារដល់សេដ្ឋកិច្ចអាមេរិក តាមរយៈការបង់ថ្លៃសាលា ការចាយវាយប្រចាំថ្ងៃ និងដើរកម្សាន្ត ។ ហេតុនេះ គោលនយោបាយរបស់ Trump ធ្វើឱ្យអាមេរិកពុំអាចទាក់ទាញចំណាប់អារម្មណ៍និស្សិតបរទេសទៀតទេ ស្របពេលប្រទេសនានាបើកទ្វារស្វាគមន៍និស្សិតបរទេស ៕