ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីគម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាម គឺជាមុខវិជ្ជាសម្រាប់ឱ្យសិស្សជ្រើសរើសក្នុងសាលារៀនទូទាំងប្រទេស ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនៅតំបន់អាស៊ាន ។ ប៉ុន្តែគម្រោងនេះរងការរិះគន់ពីអាណាព្យាបាលសិស្ស និងអ្នកជំនាញមួយចំនួនពីសារៈសំខាន់ភាសាបរទេស ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។
គម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាមនៅតាមសាលារៀនទូទាំងប្រទេសម៉ាឡេស៊ី បានធ្វើឱ្យអាណាព្យាបាលសិស្សសួរថា ហេតុអ្វីរដ្ឋាភិបាលម៉ាឡេស៊ីមើលរំលងភាសាជនជាតិភាគតិចដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅម៉ាឡេស៊ី ដូចជា ៖ ភាសាចិនកុកងឺ និងភាសាតាមីល ។

ប្រទេសម៉ាឡេស៊ីមានពលរដ្ឋសរុបចំនួន៣៤លាននាក់ និងមានពលរដ្ឋចម្រុះរស់នៅយ៉ាងច្រើន ដូចជា ៖ ជនជាតិភាគតិចចិន និងឥណ្ឌា ក្នុងនោះជនជាតិភាគតិចឥណ្ឌាភាគច្រើននិយាយភាសាតាមីល ។ គម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាមក្នុងសាលារៀនម៉ាឡេស៊ី គឺក្រោយពីម៉ាឡេស៊ីបានកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី លោកស្រី Fadhlina Sidek បាននិយាយកាលពីដើមសប្តាហ៍ទី៤ ខែមេសា ថា ភាពរឹងមាំរបស់អាស៊ានស្ថិតនៅលើភាពចម្រុះនៃវប្បធម៌ ភាសា និងទំនៀមទម្លាប់ប្រពៃណី ។ ហេតុនេះ ដើម្បីទទួលបានផលប្រយោជន៍ យើងត្រូវអប់រំយុវជនម៉ាឡេស៊ីឱ្យមានសមត្ថភាពនិយាយច្រើនភាសាដើម្បីងាយស្រួលសម្របខ្លួន និងយល់ពីវប្បធម៌ខុសៗគ្នា ។
ប៉ុន្តែអាណាព្យាបាលសិស្សបាននិយាយក្នុងបណ្តាញសង្គមថា គួរផ្តល់ភាពសំខាន់លើភាសាចិនកុកងឺ និងភាសាតាមីល ដែលភាសាទាំង២នេះបាននិយាយយ៉ាងទូលំទូលាយនៅម៉ាឡេស៊ី ច្រើនជាងភាសាខ្មែរ ថៃ និងវៀតណាម ដែលមិនសូវពាក់ព័ន្ធជាមួយពលរដ្ឋម៉ាឡេស៊ី ។
ទោះជាក្នុងរដ្ឋធម្មនុញ្ញបញ្ជាក់ថា ភាសាម៉ាឡេស៊ី គឺជាភាសាជាតិ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ីបានអនុញ្ញាតឱ្យសាលារៀននានាបង្រៀនភាសាផ្សេងៗ រួមទាំងភាសាចិនកុកងឺ ខណៈសាលារៀនភាគច្រើនត្រូវបង្រៀនភាសាម៉ាឡេស៊ី និងអង់គ្លេស ។
ពលរដ្ឋម៉ាឡេស៊ីភាគច្រើនរីករាយដែលរដ្ឋាភិបាលមានគម្រោងបង្រៀនភាសាខ្មែរ ថៃ និងវៀតណាម ប៉ុន្តែពួកគេសួរថា តើរដ្ឋាភិបាលមានគោលបំណងអ្វីដែលឱ្យកូនសិស្សរៀនភាសាទាំងនេះ ហើយវាមានប្រយោជន៍សម្រាប់ថ្ងៃអនាគតដែរឬទេ? ពីព្រោះវាធ្វើឱ្យសិស្សម៉ាឡេស៊ីត្រូវរៀនភាសាបរទេសច្រើនថែមទៀត ក្រៅពីភាសាម៉ាឡេស៊ី និងអង់គ្លេស ។ បច្ចុប្បន្ន ភាសាចិន ភាសារុស្ស៊ី និងភាសាហូឡង់មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចម៉ាឡេស៊ី ច្រើនជាងភាសាខ្មែរ និងវៀតណាម ។
ម៉ាឡេស៊ីធ្លាប់ស្នើឱ្យប្រទេសនានានៅតំបន់អាស៊ានបង្រៀនភាសាម៉ាឡេស៊ី ជាភាសាបរទេសផ្លូវការទី២ បន្ទាប់ពីអង់គ្លេស ដោយអះអាងថា ភាសាម៉ាឡេស៊ីបានប្រើប្រាស់ច្រើនទាំងនៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងភាគខាងត្បូងថៃ ហើយជនជាតិភាគតិចនៅកម្ពុជា និងហ្វីលីពីន ក៏និយាយភាសាម៉ាឡេស៊ីដែរ ។ ប៉ុន្តែឥណ្ឌូណេស៊ីបានបដិសេធនឹងសំណើនេះថា ឥណ្ឌូណេស៊ីមានភាសាខុសគ្នាពីម៉ាឡេស៊ី ទោះជាពលរដ្ឋឥណ្ឌូណេស៊ី និងម៉ាឡេស៊ី យល់ភាសាគ្នាទៅវិញទៅមកក្តី ៕