សហរដ្ឋអាមេរិក៖ គេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិក COVID.gov ដែលធ្លាប់បង្ហាញព័ត៌មានអំពីវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលសម្រាប់ Covid-19 ត្រូវបានផ្លាស់ប្តូរទៅជាគេហទំព័រដែលគាំទ្រទ្រឹស្តីដែលលើកឡើងថា ជំងឺរាតត្បាតCovid១៩ មានប្រភពមកពីមន្ទីរពិសោធន៍នៅចិនទៅវិញ។
ទិន្នន័យសុខភាពសាធារណៈត្រូវបានលុបចោល ទាំងដែលកាលពីដើមឡើយគេហទំព័រនេះធ្លាប់ដាក់បញ្ចូលព័ត៌មានស្ដីពីរបៀបស្នើសុំឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19 ដោយមិនឥតថ្លៃ ផ្ដល់ព័ត៌មានទាក់ទងនឹងការចាក់វ៉ាក់សាំង Covid-19 ព្រមទាំងណែនាំពីរបៀបទទួលការព្យាបាលភ្លាមៗ ប្រសិនបើពួកគេឈឺជាដើម។ ប៉ុន្តែថ្មីៗនេះ គេហទំព័រនេះបែរជាផ្លាស់ប្ដូរទៅជា Lab Leak: The True Origins of COVID-19 ដែលបង្ហាញពីផ្ទាំងរូបភាពរបស់លោក Donald Trump ដើរចេញមកពីពាក្យ Lab and Leak។
មួយវិញទៀត នៅក្នុងគេហទំព័រខាងលើបានចេញផ្សាយនូវព័ត៌មានមួយចំនួនដែលគាំទ្រលើទ្រឹស្ដីដែលបានលើកឡើងថា ទីក្រុង Wuhan ប្រទេសចិន គឺជាទីកន្លែងដែលមេរោគឆ្លងចាប់ផ្តើមរីករាលដាលដំបូង។ លើសពីនេះ គេហទំព័រនេះបានចោទប្រកាន់លោក Anthony Fauc iអតីតនាយកវិទ្យាស្ថានជំងឺឆ្លង និងអាឡែរហ្ស៊ីនៃសហរដ្ឋអាមេរិក និង អង្គការសុខភាពពិភពលោក (WHO) រួមទាំងរដ្ឋបាលកាលពីអណត្តិលោក Joe Biden ថាបានលាក់បាំងការពិតអំពីប្រភពនៃជំងឺនេះ។
គួរជម្រាបថា វាជារឿងធម្មតាសម្រាប់គេហទំព័ររបស់រដ្ឋាភិបាលអាមេរិក ដែលមានការកែប្រែបន្ទាប់ពីមានការផ្លាស់ប្ដូររបបពីរដ្ឋបាលមួយទៅរដ្ឋបាលមួយ ប៉ុន្តែការផ្លាស់ប្តូរចុងក្រោយនៅក្នុងអណត្តិលោក Donald Trumpនេះមានលក្ខណៈទ្រង់ទ្រាយធំជាងគេ។ បើតាមការវិភាគចារកម្មរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយក្នុងឆ្នាំ 2023 បាននិយាយថា មិនមានភស្តុតាងមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រភពដើមនៃ COVID-19នោះទេ ហើយអ្នកវិទ្យាសាស្រ្តមិនបានរកឃើញថាមេរោគនេះឆ្លងចេញពីសត្វ ឬក៏មកមន្ទីរពិសោធន៍ឡើយ។ ប៉ុន្តែស្រាប់តែពេលនេះ លោកDonald Trump បែរជាចេញមកគាំទ្រទ្រឹស្ដីនេះ ហើយអះអាងថាជំងឺ COVID-19 គឺមានប្រភពមកពីមន្ទីរពិសោធន៍ នៅWuhan ប្រទេសចិនពិតមែន។
មនុស្សមួយចំនួនបានបញ្ចេញមតិជុំវិញការផ្លាស់ប្ដូរគេហទំព័ររដ្ឋាភិបាលនេះថា លោកTrump នឹងរកគ្រប់វិធីក្នុងការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិននៅចំពោះមុខពិភពលោក ព្រោះខណៈពេលនេះចិន គឺជាដៃគូប្រកួតប្រជែងធំបំផុតជាមួយសហរដ្ឋអាមេរិក។ ជាងនេះទៅទៀត ការផ្លាស់ប្ដូរនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋបាលTrump ដើម្បីកែប្រែគេហទំព័ររដ្ឋាភិបាលឲ្យស្របតាមទស្សនវិស័យនយោបាយរបស់ខ្លួន៕










