ទីក្រុងប៉េកាំង៖ ទីក្រុងប៉េកាំងកំពុងរៀបចំវគ្គបណ្តុះបណ្តាលផ្នែកបញ្ញាសិប្បនិមិត្ត (AI) និង chatbots ដល់សិស្សកម្រិតបឋមសិក្សា ដោយកំណត់វាជាផែនការនៃកម្មវិធីសិក្សាថ្មី។
.png)
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Fortune បាននិយាយថា៖ នៅទីក្រុងប៉េកាំង កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើង នឹងត្រូវបង្រៀនឲ្យចេះប្រើប្រាស់ chatbots, យល់ដឹងពីគោលគំនិត AI ជាមូលដ្ឋាន និងស្វែងយល់ពីក្រមសីលធម៌ក្នុងការប្រើប្រាស់ AIផងដែរ ។.png)
ប្រភពដដែលបានបង្ហាញតៀតថា៖ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ គណៈកម្មាធិការអប់រំក្រុងប៉េកាំងបានប្រកាសថា នៅតាមសាលារៀនអាចដាក់បញ្ចូលម៉ោងបង្រៀន AI ទៅក្នុងមុខវិជ្ជាដែលមានស្រាប់ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន ឬផ្តល់ជូនវាជាវគ្គសិក្សាដាច់ដោយឡែកតែម្ដង។
ប្រទេសចិនចាត់ទុកការបង្រៀន AI ពីដំណាក់កាលដំបូងដល់កុមារ គឺជាធាតុសំខាន់ក្នុងការជំរុញការប្រកួតប្រជែងរបស់ចិននៅក្នុងឧស្សាហកម្ម AI ពិភពលោក។ កាលពីខែធ្នូ ក្រសួងអប់រំចិនបានជ្រើសរើសសាលារៀនចំនួន 184 នៅទូទាំងប្រទេស ដើម្បីសាកល្បងកម្មវិធី AI ដែលក្រោយមកបានឲ្យដាក់នៅទូទាំងប្រទេស។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសចិនលោក Huai Jinpeng បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ AI ដោយហៅវាថាជា “គន្លឹះមាស” សម្រាប់ប្រព័ន្ធអប់រំរបស់ប្រទេស។
តាមរយៈការបញ្ចូល AI ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀន ប្រទេសចិនមានគោលបំណងអភិវឌ្ឍអ្នកជំនាញ AI ជំនាន់ក្រោយ ឲ្យយល់ដឹងអំពី AI ពីវ័យក្មេងទៅ ដើម្បីអាចមានគំនិតច្នៃប្រឌិតថ្មីៗបានឆាប់រហ័ស និងអាចក្លាយជាស្ថាបនិកដូចជាលោក Liang Wenfeng អ្នកបង្កើត DeepSeek និងលោក Wang Xingxing ស្ថាបនិក Unitreeជាដើម។
ក្រៅពីប្រទេសចិន ក៏មានប្រទេសមួយចំនួនផ្សេងទៀតក៏កំពុងបញ្ចូល AI ទៅក្នុងការអប់រំផងដែរដើម្បីតាមឲ្យទាន់ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូចជា ប្រទេសកាណាដា អាមេរិក អង់គ្លេស កូរ៉េខាងត្បូង និងជាពិសេសប្រទេសអេស្តូនីបានចាប់ដៃគូជាមួយ OpenAI ដើម្បីណែនាំមុខងារ ChatGPT Edu សម្រាប់សិស្ស និងគ្រូបង្រៀនវិទ្យាល័យផងដែរ។ គំនិតផ្តួចផ្តើមនេះ គ្រោងនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ ដើម្បីផ្តល់ការគាំទ្រលើការសិក្សាដែលដំណើរការដោយ AI ស្វ័យប្រវត្តិកម្មក្នុងកិច្ចការរដ្ឋបាល និងឧបករណ៍ធ្វើផែនការមេរៀននៅតាមសាលារៀន៕










