ប្រទេសចិន ៖ ចិនបានប្រកាសវិធានការរឹតបន្តឹងការនាំចូលភាពយន្តហូលីវូដអាមេរិក ដើម្បីឆ្លើយតបនឹងការដាក់ពន្ធទំនិញចិនខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយចិនសង្ឃឹមថា ការរឹតបន្តឹងនេះនឹងប៉ះពាល់ដល់ការពេញនិយមភាពយន្តហូលីវូដរបស់អាមេរិក ស្របពេលការទស្សនាភាពយន្តហូលីវូដនៅចិនបានធ្លាក់ចុះអស់ជាច្រើនឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។
បើតាមការិយាល័យភាពយន្តជាតិប្រទេសចិន គឺចិននឹងអនុវត្តតាមច្បាប់ទីផ្សារ និងគោរពការសម្រេចចិត្តរបស់អ្នកទស្សនាភាពយន្ត ។ ចិននឹងកាត់បន្ថយចំនួនភាពយន្តអាមេរិក ដើម្បីឱ្យនាំចូលចិនក្នុងបរិមាណសមល្មម ក្រោយពីការទិញភាពយន្តហូលីវូដនៅចិនចាប់ផ្តើមធ្លាក់ចុះ ។.png)
រយៈពេលជាង៣០ឆ្នាំកន្លងមក ចិនបាននាំចូលភាពយន្តហូលីវូដ ចំនួន១០រឿងក្នុង១ឆ្នាំ ហើយភាពយន្តដែលទទួលបានការពេញនិយមបំផុតនៅចិន រួមមាន ៖ រឿង Titanic និងភាពយន្ត Avatar ។ ភាពយន្តទាំងនេះបានកសាងកេរ្តិ៍ឈ្មោះដល់តារាសម្តែង និងអ្នកដឹកនាំរឿងហូលីវីដយ៉ាងច្រើន ។.png)
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋចិនចាប់ផ្តើមចាប់អារម្មណ៍ទស្សនាភាពយន្តចិនច្រើនជាងមុន ហើយកាលពីឆ្នាំ២០២០ ភាពយន្តចិនអាចរកចំណូលបានរហូតដល់៨០% នៃប្រាក់ចំណូលភាពយន្តសរុប ។ ចំណូលភាពយន្តចិនបច្ចុប្បន្ន បានកើនឡើងលើសចំណូលភាពយន្តចិនកាលពីមុន ដែលស្មើត្រឹមតែ៦០% ។.png)
ភាពយន្តចិនបានរកចំណូលច្រើនបំផុតគ្រប់រដូវកាល ហើយមានភាពយន្តបរទេសតែ១រឿងប៉ុណ្ណោះ ដែលជាប់ក្នុងចំណាត់ថ្នាក់ភាពយន្តពេញនិយម ចំនួន២០ គឺរឿង «Avengers: Endgame» រកចំណូលបានជាង៥៧៩លានដុល្លារ ។ រីឯភាពយន្តផ្សេងៗក្នុងចំណាត់ថ្នាក់ចំនួន២០ គឺសុទ្ធតែភាពយន្តចិន ។
ការរឹតបន្តឹងភាពយន្តអាមេរិក គឺជាវិធីសងសឹកមានប្រសិទ្ធភាពរបស់ចិន ជាពិសេស ភាពយន្តហូលីវូដទទួលបានចំណូលត្រឹមតែ៥% ប៉ុណ្ណោះនៅចិន ហើយត្រូវបង់ពន្ធរហូតដល់៥០% មុនពេលបញ្ជូនចំណូលត្រឡប់ទៅអាមេរិក ។ ភាពយន្តហូលីវូដភាគច្រើននៅចិន បានទទួលចំណូលតែ២៥% ខណៈចំណូលហូលីវូដនៅប្រទេសផ្សេងៗ ស្មើរហូតដល់៥០% ។ នេះបើតាមលោក Chris Fenton អ្នកនិពន្ធសៀវភៅ «Feeding the Dragon» ។
ចិន គឺជាទីផ្សារភាពយន្តដ៏ធំលំដាប់ទី២ លើពិភពលោក បើទោះជាការនិយមភាពយន្តហូលីវូដបានធ្លាក់ចុះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក្តី ។ បច្ចុប្បន្ន នៅប្រទេសចិន ភាពយន្តចិនទទួលបានការចាប់អារម្មណ៍ខ្លាំងជាងភាពយន្តបរទេស ៕










