ស្របពេលអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា កំពុងជួបប្រទះបញ្ហាហរិញ្ញវត្ថុមនុស្សជាច្រើនបានសួរថាតារាសម្តែង ប៊ឺរី ដែលជាគូស្នេហ៍ព្រោះតែមិនសូវឃើញមុខខណៈអ្នកខ្លះថែមទាំងលើកឡើងថា ប៊ឺរី រត់ចោល ម៉ាដាម ដា។ មានការចោទប្រកាន់បែបនេះ ប៊ឺរី បានចេញមុខអះអាងថាមិនមែនជាការពិតនិងបានលើកឡើងទៀតថា រត់ចោលមនុស្សកំពុងលង់ទឹកជាមនុស្សថោកទាបបំផុត។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាថ្មីៗនេះ ប្អូនស្រី ម៉ាដាម ដា បានចេញមកទម្លាយពីបញ្ហាវិបត្តិហិរញ្ញវត្ថុ និងបញ្ហាជាច្រើនទៀតរបស់ ម៉ាដាម ដា ដែលដើរទីផ្សារខុស ត្រូវគេបោករាប់ម៉ឺនដុល្លារ ខណៈអ្នកជំនួញរូបនេះបាន និយាយរៀបរាប់ពីបញ្ហាទាំងទឹកភ្នែកព្រមទាំងលក់អីវ៉ាន់ឡៃឡុងដើម្បីទទួលបានចំណូលបានបើកឱ្យបុគ្គលិកដែលខកខានបើកប្រាក់ខែជាច្រើនខែ។ ស្របពេលជីវិត ម៉ាដាម ដា កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ និងចេញ live លក់ផលិតផលដោយគ្មានវត្តមានរបស់គូស្នេហ៍គឺតារាសម្តែង ប៊ឺរី បានធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំថា តារាប្រុសរូបនេះបានរត់ចោលគូស្នេហ៍ដែលកំពុងលំបាក។
.png)
មានការចោទប្រកាន់និងប៉ាន់ស្មានបែបនេះ ប៊ឺរី បានចេញមុខបញ្ជាក់និងអះអាងថាពាក្យសម្តីដែលថាលោករត់ចោល ម៉ាដាម ដាគឺជាការគិតរបស់អ្នកមួយចំនួនប៉ុណ្ណោះលោកនៅជាមួយ ម៉ាដាម ដា ដដែលមានតែជួយការងារគូស្នេហ៍លើសមុនទៅទៀត។ តារាសម្តែង ប៊ឺរី ថាលោកមិនអាចធ្វើទង្វើបែបនេះនោះទេ ទៅចោលមនុស្សដែលកំពុងលង់ទឹក ទៅចោលមនុស្សដែលកំពុងពិបាក បើធ្វើទង្វើបែបនេះគឺជាមនុស្សថោកទាបបំផុត។
តារាសម្តែង ប៊ឺរី បានបញ្ជាក់បន្ថែមដែរថា អ្វីដែលលោកអាចជួយម៉ាដាម ដា បានគឺលោកខិតប្រឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឱ្យស្ថានភាពប្រសើរឡើង ហើយអ្នកដែលនិយាយថាលោករត់ចោល ម៉ាដាម ដា មានន័យថាមិនបានគិតវែងឆ្ងាយ។ លោកថាបើសិនជាត្រូវធ្លាក់ ធ្លាក់ជាមួយគ្នាទៅមុខទៅជាមួយគ្នានេះបានហៅថាទំនួលខុសត្រូវមិនមែនឃើញគេលំបាកលោកទៅចោលនោះទេ។
គួរបញ្ជាក់ផងដែរថា តារាសម្តែង ប៊ឺរី បានបញ្ជាក់ចំណងស្នេហ៍ជាសាធារណៈជាមួយនឹង ម៉ាដាម ដា កាលពីល្ងាចថ្ងៃទី៨ សីហា ឆ្នាំ២០២៤។ បន្ទាប់ពីបង្ហាញទំនាក់ទំនង ម៉ាដាម ដា ធ្លាប់បានបញ្ជាក់ថាអ្នកទាំងពីរគឺនឹងរៀបការទាំងនៅខ្មែរនិងបារាំង។ មុននឹងជួបប្រទះបញ្ហា ម៉ាដាម ដា ធ្លាប់បានបង្ហាញថាមានផ្ទៃពោះប៉ុន្តែជាអកុសលកូនក្នុងផ្ទៃរបស់នាងជាមួយនឹង ប៊ឺរី មិននៅនោះទេ៕










