ប្រទេសអូស្ត្រាលី ៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបដិសេធការអំពាវនាវរបស់ចិន ដែលសូមឱ្យប្រទេសនានាលើពិភពលោក រួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់អាមេរិក ដោយរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ថា ប្រទេសអូស្ត្រាលីនឹងកាត់បន្ថយការពឹងផ្អែកចិនរឿងពាណិជ្ជកម្ម ទោះជាចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីក្តី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។

ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Richard Marles បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News ក្រោយពីឯកអគ្គរដ្ឋទូតចិនអំពាវនាវឱ្យអូស្ត្រាលីសហការតស៊ូសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដោយលោកនិយាយថា ៖ «យើងនឹងពុំចាប់ដៃចិនក្នុងការប្រកួតប្រជែងអ្វីទាំងអស់ ដែលកំពុងកើតឡើងពេលនេះ ។ យើងពុំធ្វើបែបនេះឡើយ អ្វីដែលយើងធ្វើ គឺការពារផលប្រយោជន៍របស់អូស្ត្រាលី និងប្រឈមមុខជាមួយហានិភ័យជាមួយប្រទេសនានា ។ អូស្ត្រាលីនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ឥណ្ឌា អង់គ្លេស និងមជ្ឈិមបូព៌ា» ។.jpg)
ឯកអគ្គរដ្ឋទូតចិននៅទីក្រុង Canberra ប្រទេសអូស្ត្រាលី លោក Xiao Qian បានផ្សព្វផ្សាយខ្លឹមសារមួយក្នុងកាសែត The Age ដោយអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលីសហការជាមួយចិន ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ លោក Xiao Qian បញ្ជាក់ថា ៖ «នៅក្រោមស្ថានការណ៍ថ្មី ចិននឹងចាប់ដៃជាមួយអូស្ត្រាលី និងប្រទេសនានា ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរលើពិភពលោក» ។

កាលពីថ្ងៃទី៩ ខែមេសា កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលម្តងទៀត ដោយលោកប្រកាសពន្យារពេលអនុវត្តពន្ធទំនិញនាំចូលពីប្រទេសជាច្រើន រយៈពេល៩០ថ្ងៃ លើកលែងតែចិន គឺលោកដំឡើងពន្ធទំនិញចិនភ្លាមៗ ចាប់ពី១០៤% រហូតដល់១២៥% ។ ប៉ុន្តែកាលៈទេសៈនេះជាបញ្ហាប្រឈមសម្រាប់អូស្ត្រាលី ដែលបាននាំចេញទំនិញ១ ក្នុងចំណោម៣ ទៅកាន់ចិន ខណៈទំនិញអូស្ត្រាលីនាំចេញទៅអាមេរិក ស្មើមិនដល់៥% នៃតម្លៃនាំចេញសរុប ។.png)
ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងពន្ធទំនិញ និងការរឹតបន្តឹងពាណិជ្ជកម្មផ្សេងៗរវាងអាមេរិកជាមួយប្រទេសដៃគូពាណិជ្ជកម្មធំៗ គឺអាចប៉ះពាល់ដល់ការវិនិយោគ និងការចំណាយប្រាក់របស់ពលរដ្ឋអូស្ត្រាលី ខណៈលោក Trump បានកំណត់ពន្ធទាបស្មើ១០% សម្រាប់ទំនិញអូស្ត្រាលី ។ នេះបើតាមមន្ត្រីធនាគារកណ្តាលអូស្ត្រាលី ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា ទោះជាលោក Trump ដាក់ពន្ធពុំសមហេតុផល ស្មើ១០% សម្រាប់ទំនិញអូស្ត្រាលី ដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្តី ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលីគ្មានគម្រោងសងសឹកអាមេរិកទេ ។
រដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រទេសនានារួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ហើយចិនជឿជាក់ថា ការសហការគ្នាលើពិភពលោក នឹងអាចយកឈ្នះលើអំណាចពាណិជ្ជកម្មរបស់អាមេរិក ។ បច្ចុប្បន្ន ចិនបានសហការជាមួយជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗនៅតំបន់អាស៊ី ព្រមទាំងអំពាវនាវឱ្យសហភាពអឺរ៉ុបសហការជាមួយចិនផងដែរ ដើម្បីរក្សាពាណិជ្ជកម្មសេរី និងពហុភាគីនិយម ៕










