ពីមួយឆ្នាំទៅមួយឆ្នាំ ការកាប់បំផ្លា..ញដើមសំរ៉ង ដើម្បីយកផ្លែនៅតែបន្តមានឡើងឥតឈប់ឈរ ហើយចំនួននៃដើមនេះបានថយចុះកាន់តែខ្លាំងឡើងៗ ដោយក្រសួងបរិស្ថានបានសម្ដែងក្ដីបារម្ភចំពោះរុក្ខជាតិមួយប្រភេទនេះ ថាអាចនឹងផុតពូជក្នុងពេលឆាប់ៗប្រសិនបើសកម្មភាពនេះនៅតែបន្ត។
ដើមសំរ៉ងធំៗ និងមានអាយុកាលរាប់សិបឆ្នាំជាច្រើនដើម ត្រូវបានជនមួយចំនួនចូលទៅកាប់ផ្ដួលរំលំដើម្បីបេះផ្លែរបស់វា ដោយមិនគិតពីការបាត់បង់ដើមឈើធំៗទាំងនោះឡើយ។ កន្លងមកក្រសួងបរិស្ថាន និងសមត្ថកិច្ចតាមតំបន់មួយចំនួន ធ្លាប់បានចុះទៅអប់រំណែនាំរួចហើយ ប៉ុន្តែសង្កេតឃើញថាច្រើនឆ្នាំមកនេះ ចំនួនដើមសំរ៉ងដែលត្រូវគេកាប់ផ្ដួលនៅតែមានជាបន្តបន្ទាប់ដដែល។
គួរជម្រាបថា រុក្ខជាតិសំរ៉ង ប្រើរយៈពេលរាប់សិបឆ្នាំទម្រាំមានដើមធំខ្ពស់ ហើយអាចចេញផ្លែបានម្ដងៗ។ មានមនុស្សភាគតិចណាស់ ដើររើសផ្លែរបស់វាដែលជ្រុះនៅលើដី ឬរកវិធីសាស្រ្តដើម្បីឡើងទៅបេះណាស់ ដោយភាគច្រើនពួកគេត្រូវតែមកកាប់ដើមទាំងនោះចោលតែម្ដងដើម្បីប្រមូលបានផ្លែច្រើន។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែមេសា បានឲ្យដឹងថា៖ ក្រសួងចាត់ទុកសកម្មភាពនេះគឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុត ដែលឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង នឹងជាសកម្មភាពល្មើសនឹងច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា ៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
លើសពីនេះ ក្រសួងបរិស្ថាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែររក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឲ្យគង់វង្ស និងដើម្បីជាផលប្រយោជន័បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ។
ដោយឡែក សម្រាប់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើននៅក្នុងការបញ្ចេញមតិ បានលើកឡើងថា៖ ស្នើសុំឲ្យក្រសួងឈប់ធ្វើការអំពាវនាវតទៅទៀត ផ្ទុយទៅវិញស្នើឲ្យមានការចាត់វិធានការតឹងរឹងវិញម្ដង ចំពោះអ្នកដែលប្រព្រឹត្តិសកម្មភាពនេះ ព្រោះមិនមែនទើបតែមានការណែនាំកុំអោយធ្វើនាពេលថ្មីៗនេះទេ ប៉ុន្តែសមត្ថកិច្ច និងមន្ត្រីជំនាញធ្លាប់បានធ្វើការពន្យល់ជាច្រើនលើកច្រើនសារ និងតាំងពី២០ ៣០ឆ្នាំមុនមកហើយ៕