ប្រទេសថៃ ៖ វាពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយពីទឹកសមុទ្រហួហ៊ីន ស្ថិតក្នុងស្រុកហួហ៊ីន ខេត្តប្រាជួបសិរីខាន់ ប្រទេសថៃ បានស្រកចុះខ្លាំងបំផុតនៅសល់តែថ្មរាប់ពាន់ដុំលើឆ្នេរ ក្រោយពីខេត្តជាច្រើនរបស់ថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃរស់នៅក្នុងតំបន់បាននាំគ្នាយកឧបករណ៍មកប្រមូលគ្រុំចំពុះទាជាប់លើថ្មមកបរិភោគ និងលក់យ៉ាងរីករាយ ប៉ុន្តែអ្នកលេងបណ្តាញសង្គមបែរជាបារម្ភពីរលកយក្សស៊ូណាមិ ។
កាលពីថ្ងៃទី៦ ខែមេសា កន្លងមក សារព័ត៌មានថៃរាយការណ៍ថា នៅឆ្នេរខ្សាច់ហួហ៊ីន ស្រុកហួហ៊ីន ខេត្តប្រាជួបសិរីខាន់ គឺមានក្មេងៗ និងមនុស្សចាស់ជាច្រើននាក់បានយកឧបករណ៍មកប្រមូលគ្រុំចំពុះទាយ៉ាងច្រើនដែលជាប់លើថ្មតូច-ធំរាប់ពាន់ដុំ ក្រោយពីដុំថ្មទាំងនេះបានលេចឡើងឆ្នេរក្រោយទឹកសមុទ្រហួហ៊ីន ស្រកចុះខ្លាំងខុសពីធម្មតា ។
.jpg)
ពលរដ្ឋដែលមករកគ្រុំចំពុះទាជាប់លើថ្ម ប្រាប់ថា ពួកគេយកគ្រុំចំពុះទាទៅបរិភោគ ព្រមទាំងលក់យកប្រាក់ចំណូលក្រោយសល់ពីបរិភោគ ពីព្រោះវាជាឱកាសល្អសម្រាប់រកប្រាក់ចំណូល ។ នេះពុំមែនជាលើកទី១ ទេ ដែលទឹកសមុទ្រហួហ៊ីនស្រកចុះខ្លាំងបែបនេះ កន្លងមក ទឹកសមុទ្រហួហ៊ីន ក៏ធ្លាប់ស្រកចុះដែរ ហើយធ្វើឱ្យពលរដ្ឋរីករាយនឹងការរកអាហារសមុទ្រ ។
.jpg)
បើតាមអ្នកជំនាញ គឺបណ្តាលមកពីខ្យល់មូសុងបក់ឆ្លងកាត់ស្រុកហួហ៊ីន ទើបបណ្តាលឱ្យមានបាតុភូតធម្មជាតិទឹកសមុទ្រស្រកខ្លាំងខុសពីធម្មតា នៅសល់តែថ្មតូច-ធំរាប់ពាន់ដុំពាសពេញឆ្នេរ ។ បាតុភូតនេះធ្វើឱ្យភ្ញៀវទេសចរមកលេងសមុទ្រហួហ៊ីន ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយទិដ្ឋភាពបែបនេះ ហើយអ្នកជំនាញសន្និដ្ឋានថា មិនយូរទេ សមុទ្រហួហ៊ីន នឹងត្រឡប់មកធម្មតាវិញ ។
ដោយឡែក អ្នកលេងបណ្តាញសង្គមថៃបែរជាបារម្ភពីរលកយក្សស៊ូណាមិកើតឡើងក្រោយគ្រោះរញ្ជួយដី ពីព្រោះមិនមែនមានតែទឹកសមុទ្រហួហ៊ីនទេដែលស្រកចុះ ទឹកសមុទ្រនៅខេត្តភូកេត ក៏ស្រកចុះខ្លាំងដែរ រហូតដល់អភិបាលខេត្តភូកេត បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធឃ្លាំមើលស្ថានការណ៍២៤ម៉ោង ។ លើសពីនេះ អ្នកលេងបណ្តាញសង្គមម្នាក់បានបង្ហោះរូបភាពទឹកទន្លេចៅប្រាយ៉ា នៅទីក្រុងបាងកក បានស្រកចុះខ្លាំងកាលពីថ្ងៃទី២ ខែមេសា កន្លងមក ។
ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតបានបង្ហោះរូបភាពទឹកទន្លេនៅក្រោមស្ពានព្រះរ៉ាមកៅ ស្រកចុះខ្លាំង ហើយសួរថា តើជាធម្មតាវាស្រកបែបនេះ មែនទេ? តើទឹកក្រោមស្ពានបាត់ទៅណាអស់?
តាំងពីប្រទេសថៃរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋថៃខ្លាចញញើតពុំហ៊ានដើរកម្សាន្តនៅមាត់សមុទ្រច្រើនដូចមុន ដោយសារបារម្ភថា អាចមានរលកយក្សស៊ូណាមិកើតឡើងក្រោយរញ្ជួយដី ។ រីឯពលរដ្ឋខ្លះទៀតសម្រេចចិត្តលក់ផ្ទះសម្បែងចាកចេញពីទីក្រុងបាងកក និងមករស់នៅតាមបណ្តាខេត្តនានាដែលពួកគេគិតថា មានសុវត្ថិភាពជាង ៕










