សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍យន្តហោះធ្លាក់លើលំនៅឋានពលរដ្ឋក្នុងរដ្ឋមីនិសូដា សហរដ្ឋអាមេរិក និងបណ្តាលឱ្យភ្លើងឆាបឆេះលំនៅឋានពលរដ្ឋយ៉ាងសន្ធោសន្ធៅ ប៉ុន្តែគ្មានអ្នកណាម្នាក់នៅក្នុងលំនៅឋានទេ ពេលកើតហេតុ ។ ភ្នាក់ងារសង្គ្រោះបានជម្លៀសពលរដ្ឋនៅក្បែរនោះចេញពីតំបន់គ្រោះថ្នា.ក់ រីឯអ្នកដំណើរលើយន្តហោះបានបាត់បង់ជីវិតទាំងអស់ ។

យន្តហោះមានទំហំតូច១គ្រឿងបានផ្ទុះឆេះក្រោយពីធ្លាក់លើលំនៅឋានពលរដ្ឋក្នុងរដ្ឋមីនិសូដា កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក ដែលធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះស្លាប់ទាំងអស់ ព្រមទាំងមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុ ។ លំនៅឋាននានាដែលត្រូវយន្តហោះធ្លាក់លើបានឆេះខ្ទេចអស់គ្មានសល់ និងមានផ្សែងយ៉ាងច្រើនសាយភាយឡើងលើអាកាស ដែលធ្វើឱ្យពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនាំគ្នាជម្លៀសចេញយ៉ាងឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។
តាមប្រធានភ្នាក់ងារពន្លត់ភ្លើង គឺគ្មានអ្នកដំណើរណាម្នាក់លើយន្តហោះនៅរស់រានមានជីវិតទេ ហើយពុំដឹងថា តើមានអ្នកដំណើរប៉ុន្មាននាក់នៅក្នុងយន្តហោះនេះ ប៉ុន្តែ សំណាងល្អ គ្មានអ្នកណាម្នាក់នៅក្នុងផ្ទះពេលកើតហេតុ ។ រីឯគណៈកម្មការសុវត្ថិភាព និងដឹកជញ្ជូនជាតិ នឹងស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ពីព្រោះពេលនេះ ពុំទាន់ដឹងច្បាស់ថា យន្តហោះធ្លាក់ដោយសារអ្វីទេ ។

អាជ្ញាធរសន្និដ្ឋានថា យន្តហោះធ្លាក់លើលំនៅឋានពលរដ្ឋ គឺជាយន្តហោះប្រភេទ SOCATA TBM7 ដែលបានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Des Moines (Des Moines International Airport) ឆ្ពោះមកកាន់ទីក្រុងមីននិអាប៉ូលិស រដ្ឋមីនិសូដា ។ ហេតុការណ៍ធ្លាក់យន្តហោះនេះត្រូវបានថតវីដេអូ និងរូបភាពដោយលោក Mike Deyo ដែលបង្ហាញឱ្យឃើញពលរដ្ឋជាច្រើននាក់រស់នៅក្បែរនោះភ្ញាក់ផ្អើលនឹងហេតុការណ៍នេះយ៉ាងខ្លាំង ។ បន្តិចក្រោយមក រថយន្តពន្លត់ភ្លើងក៏បានមកពន្លត់ភ្លើងនៅកន្លែងកើតហេតុ ។
ដោយឡែក អភិបាលរដ្ឋមីនិសូដា លោក Tim Waltz និយាយថា ក្រុមការងាររបស់លោកបានទំនាក់ទំនងទៅកាន់អាជ្ញាធរក្នុងតំបន់កើតហេតុ ហើយលោកបានតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ។ ហេតុការណ៍យន្តហោះធ្លាក់នៅរដ្ឋមីនិសូដា ស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរកមូលហេតុ ៕










