ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Fukuyama Transporting នៅខេត្តហ៊ិរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានចាប់ផ្តើមបណ្តុះបណ្តាល និងបង្រៀនភាសាជប៉ុនដល់បេក្ខជនដាក់ពាក្យធ្វើការជាអ្នកបើកបររថយន្តដឹកទំនិញនៅវៀតណាម ព្រមទាំងឱ្យបេក្ខជនសាកល្បងបើកបររថយន្តដឹកទំនិញ ។ ក្រុមហ៊ុននេះមានគោលដៅជួលបុគ្គលិកបរទេសចំនួន១៥នាក់ សម្រាប់បើកបររថយន្តដឹកទំនិញនៅជប៉ុន នារដូវក្តៅ ឆ្នាំ២០២៦ ។

ក្រុមហ៊ុនដឹកជញ្ជូននៅជប៉ុនចាប់ផ្តើមទទួលយកជនបរទេសមកធ្វើការជាអ្នកបើកបររថយន្តដឹកទំនិញកាន់តែច្រើន ហើយជនបរទេសដែលធ្វើការជាអ្នកបើករថយន្តដឹកទំនិញអាចស្នើសុំទិដ្ឋាការពិសេស ស្របពេលជប៉ុនខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ។ ការដាក់ពាក្យសុំទិដ្ឋាការពិសេសក្នុងឧស្សាហកម្មដឹកទំនិញនៅជប៉ុន គឺបេក្ខជនត្រូវឆ្លងកាត់ការសាកល្បងពាក់ព័ន្ធនឹងចរាចរណ៍របស់ជប៉ុន និងវិធីផ្ទុកទំនិញ ដែលជប៉ុនបានធ្វើការប្រឡងលើកដំបូងនៅខែធ្នូ ឆ្នាំ២០២៤ និងធ្វើការសាកល្បងសមត្ថភាពបេក្ខជនជាង២០០នាក់ ។ នេះបើតាមសេចក្តីរាយការណ៍របស់ Nikkei Asia ។

ចំណែកក្រុមហ៊ុន Sakai Moving Service នៅទីក្រុងអូសាកា បានចាប់ផ្តើមស្វែងរកបុគ្គលិកបរទេស តាមរយៈក្រុមហ៊ុនស្វែងរកការងារនៅឥណ្ឌូណេស៊ី ។ ក្រោយការសម្ភាសន៍ និងវាយតម្លៃបេក្ខជន ក្រុមហ៊ុនមានគម្រោងជួលបុគ្គលិកបរទេស ចាប់ពីអាយុ២០ឆ្នាំ ទៅ៤០ឆ្នាំ ស្មើជាង១០នាក់ ដើម្បីធ្វើការផ្នែកបើកបររថយន្ត ។ ពេលបេក្ខជនធ្វើដំណើរមកដល់ជប៉ុន ក្រុមហ៊ុននឹងបង្រៀនភាសាជប៉ុន ព្រមទាំងជួយផ្លាស់ប្តូរប័ណ្ណបើកបរដើម្បីឱ្យមានសិទ្ធិបើកបរនៅជប៉ុន ហើយក្រុមហ៊ុនរំពឹងថា បុគ្គលិកបរទេសនឹងចាប់ធ្វើការជាអ្នកបើកបររថយន្ត នៅខែមីនា ឆ្នាំ២០២៦ ដែលជាអំឡុងពេលមានការដឹកជញ្ជូនទំនិញច្រើនបំផុត ។

ដូចគ្នានេះ ក្រុមហ៊ុន Senko Group Holdings បានកំណត់គោលដៅជួលបុគ្គលិកបើករថយន្តដឹកទំនិញឱ្យបាន១០០នាក់ ស្ថិតក្រោមគម្រោងទិដ្ឋាការពិសេស ។ ក្រុមហ៊ុននេះនឹងរត់ការស្នើសុំប័ណ្ណបើកបរ និងបង្រៀនភាសាជប៉ុនដល់បុគ្គលិកបរទេស ។
មន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ឱ្យដឹងថា បុគ្គលិកបើកបររថយន្តដឹកទំនិញធ្វើការច្រើនជាងបុគ្គលិកទូទៅ ប្រមាណ២០% ក្នុង១ឆ្នាំ ប៉ុន្តែពួកគេទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ តិចជាងបុគ្គលិកទូទៅ ប្រមាណ១០% ។
គួរបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនជប៉ុនជាច្រើនបានជួលបុគ្គលិកបរទេសមកធ្វើការជាអ្នកបើកបររថយន្ត ដោយសារនៅជប៉ុនខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេស បុគ្គលិកថែទាំមនុស្សចាស់ ។ ជប៉ុនរំពឹងថា នឹងអាចជួលជនបរទេសមកធ្វើការរហូតដល់២៤,៥០០នាក់ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ៕










