ប្រទេសថៃ ៖ ក្រោយកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត៧.៧រិចទ័រ នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងធ្វើឱ្យញ័ររង្គើដល់តំបន់ជាច្រើននៅប្រទេសថៃ ជាពិសេស ទីក្រុងបាងកកកើតចលាចល ពលរដ្ឋថៃពុំហ៊ានស្នាក់នៅក្នុងអគារខុនដូខ្ពស់ៗ ខណៈពលរដ្ឋខ្លះសម្រេចចិត្តធ្វើដំណើរទៅស្រុកកំណើតដើម្បីគេចពីរញ្ជួយដី ឃើញថា មានការចែកចាយព័ត៌មានជាច្រើនក្នុងបណ្តាញសង្គមពីរលកយក្សស៊ូណាមិ អាចនឹងកើតឡើងនៅប្រទេសថៃឆាប់ៗ ។ ហេតុនេះ ពលរដ្ឋពុំហ៊ានទៅលេងមាត់សមុទ្រ ជាពិសេស សមុទ្រនៅខេត្តភូកេត ។

ប៉ុន្តែការិយាល័យទំនាក់ទំនងសាធារណៈនៅខេត្តភូកេត បញ្ជាក់ថា ខេត្តភូកេតមានសុវត្ថិភាព និងពុំរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ ។ រីឯព័ត៌មានដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គមថា ក្រោយកើតគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ស្រាប់តែទឹកសមុទ្រនៅខេត្តភូកេតរីងភ្លាមៗ ជាសញ្ញាបង្ហាញពីរលកយក្សស៊ូណាមិអាចនឹងកើតឡើងនៅប្រទេសថៃឆាប់ៗ គឺជាព័ត៌មានក្លែងក្លាយ ។ ហេតុនេះ សូមពលរដ្ឋកុំជឿព័ត៌មាននេះឱ្យសោះ ។

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ការិយាល័យទំនាក់ទំនងសាធារណៈនៅខេត្តភូកេត បានសរសេរក្នុងហ្វេសប៊ុកថា ៖ «ខេត្តភូកេតមានសុវត្ថិភាព និងពុំរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ ។ ព័ត៌មានរឿងទឹកសមុទ្រស្រក គឺជាព័ត៌មានក្លែងក្លាយ សូមកុំជឿ» ។ អាជ្ញាធរនៅឆ្នេរសមុទ្រប៉ាតង បញ្ជាក់ថា បរិវេណឆ្នេរសមុទ្រប៉ាតង មានសភាពធម្មតា ហើយអាជ្ញាធរគ្រប់រូបបានតាមដានស្ថានការណ៍គ្រោះរញ្ជួយដីយ៉ាងដិតដល់ ។

ចំណែកភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ បានតាមដានស្ថានការណ៍គ្រោះរញ្ជួយដីឃើញថា ពលរដ្ឋនៅតំបន់មាត់សមុទ្រ ពុំទទួលកម្លាំងរំញ័រដោយសាររញ្ជួយដីទេ ។ ភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ បានកំណត់វិធានការមួយចំនួនដូចខាងក្រោម ៖
១-មជ្ឈមណ្ឌលគ្រប់គ្រងហេតុការណ៍នៅតាមបណ្តាខេត្ត ត្រូវតាមដានស្ថានការណ៍ និងផលប៉ះពាល់ដែលកើតឡើងដោយសារគ្រោះរញ្ជួយដីឱ្យបានជាប់លាប់
២-ជូនដំណឹងដល់ពលរដ្ឋអំពីស្ថានការណ៍កើតឡើង ដើម្បីកាត់បន្ថយការភ័យស្លន់ស្លោរ និងណែនាំពលរដ្ឋពីវិធីការពារខ្លួនឱ្យមានសុវត្ថិភាព
៣-ពិនិត្យមើលការខូចខាត ព្រមទាំងជួយសង្គ្រោះជនរងគ្រោះតាមគោលការណ៍កំណត់របស់រដ្ឋ ។.jpg)
មន្ត្រីពាក់ព័ន្ធត្រូវរាយការណ៍ស្ថានការណ៍ និងផលប៉ះពាល់ផ្សេងៗក្នុងខេត្តទៅកាន់ភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ។ ហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅមីយ៉ាន់ម៉ា បានធ្វើឱ្យញ័ររង្គើរដល់ទីក្រុងបាងកក, តំបន់ជុំវិញទីក្រុងបាងកក, បណ្តាខេត្តភាគខាងជើង, ភាគឦសាន និងភាគខាងត្បូង សូមពលរដ្ឋតាមដានស្ថានការណ៍ និងព័ត៌មានយ៉ាងដិតដល់ ហើយពលរដ្ឋអាចស្នើសុំជំនួយតាមរយៈលេខទូរស័ព្ទ ករណីរងគ្រោះដោយសាររញ្ជួយដី ។.jpg)
ដោយឡែក អ្នកសារព័ត៌មានថៃ MCOT បានរាយការណ៍ពីខេត្តភូកេតថា ខេត្តភូកេតពុំបានខូចខាត ឬរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីដែលកើតឡើងនៅមីយ៉ាន់ម៉ាទេ ពីព្រោះគ្រប់តំបន់របស់ខេត្តភូកេត មានសភាពធម្មតា ។ ក្រោយទីក្រុងបាងកករញ្ជួយដី ក៏មានពាក្យចចាមអារ៉ាមថា ទឹកសមុទ្រនៅខេត្តភូកេតរីងស្ងួត រហូតដល់ធ្វើឱ្យមនុស្សមួយចំនួនបារម្ភពីរលកយក្សស៊ូណាមិ គឺពុំពិតឡើយ ពលរដ្ឋនៅខេត្តភូកេត ពុំទទួលកម្លាំងរំញ័រដូចបណ្តាខេត្តផ្សេងទេ ។
ពេលកើតរញ្ជួយដីនៅទីក្រុងបាងកក គឺនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុថីន ឆាន់វីរៈគូន កំពុងប្រជុំជាមួយមន្ត្រីរាជការនៅខេត្តភូកេត ហើយគ្មានអ្នកណាម្នាក់ទទួលកម្លាំងរំញ័រទេ ។ ប៉ុន្តែលោកស្រី ផេថងថាន បានដឹងដំណឹងពីរញ្ជួយដីនៅទីក្រុងបាងកកតាមសេចក្តីរាយការណ៍ ។ រីឯយន្តហោះអាចឡើង-ចុះនៅអាកាសយានដ្ឋានភូកេតជាធម្មតា ខណៈដំណើរកម្សាន្ត និងការប្រកបរបររកស៊ីនៅភូកេត គឺល្អប្រសើរ ពុំដូចពាក្យចចាមអារ៉ាមទេ ៕










