ជាទូទៅអោយតែចូលដល់រដូវពិធីបុណ្យចូលឆ្នាំខ្មែរ យើងតែងឃើញគេដាក់តាំងលម្អរ រឺចងគោមផ្កាយនៅតាមផ្លូវសាធារណៈ, ខាងមុខហាង, តាមស្ថាប័ននានា និងតាមលំនៅដ្ឋានរបស់បងប្អូនប្រជាពលខ្មែរហើយ ប៉ុន្តែតើធ្លាប់ដឹងដែរ រឺទេថា តាមពិតអត្ថន័យនៃការចងព្យួរគោមនេះ មិនមែនសម្រាប់តែការតុបតែងអោយស្អាតតែប៉ុណ្ណោះទេ តែវាក៏មានរឿងរ៉ាវ និងប្រវត្តិរបស់វា ដែលចាស់ៗខ្មែរមានជំនឿតាំងពីយូរណាស់មកហើយ។

យោងតាមការរៀបរាប់របស់ អ្នកស្រីកែវ ច័ន្ទបូរណ៍ ជាអ្នកនិពន្ធខ្មែរដ៏ល្បីមួយរូប បានលើកឡើងអំពីទំនៀមទម្លាប់នៃការចង់ព្យូរគោមផ្កាយរបស់ប្រជាជនខ្មែរថា មិនមែនទើបតែមានក្នុងពេលថ្មីៗមកនេះទេ ជំនឿគោមផ្កាយនេះ មាននៅក្នុងការនិយាយតៗគ្នារបស់មនុស្សជំនាន់ដើម ហើយក៏មានការធ្វើវាឡើងយូរមហើយដែរ។ ដូច្នេះថ្ងៃនេះយើងមកដឹងពីប្រវត្តិត្រួសៗ និងជំនឿមួយចំនួនទាក់ទងនឹងគោមផ្កាយនេះដូចខាងក្រោម៖

១- ថ្ងៃប្រារព្ធចូលឆ្នាំខ្មែរ ស្តិតនៅរដូវក្តៅហើយស្ងួតបំផុត ពិបាកដើរលេងពេលថ្ងៃ ជាពិសេសពេលថ្ងៃត្រង់និងរសៀល ទើបគេបង្កើតប្រពៃណីព្យួរគោម បំភ្លឺសម្រាប់ធ្វើបុណ្យពេលយប់ អោយមនុស្សបានមើលផ្លូវ នឹងបានដើរលេងសប្បាយ ជុំគ្នា ត្រជាក់ត្រជុំរមនា ទាល់ៗភ្លឺ ដោយមិនមានអសន្តិសុខ។ (នៅសម័យសង្គមខ្មែរ មានអសន្តិសុខ ចាប់តាំងពីឆ្នាំ១៩៧០មក គេបានបិទចរាចរពេលយប់ ទើបយើងពុំសូវបានឃើញ គេមានតាំងភ្លើង ដូចជំនាន់មានសន្តិភាព ហើយក៏បវេណី នៃការចងគោម ដើម្បីប្រារព្ធបុណ្យ នៅពេលយប់ ក៍បានបាត់រូបបន្តិចម្តងៗ ពីកម្ពុជា។

២- ដើម្បីលំអលំនៅឋាន អោយមានសោភ៌ណភាពចិញ្ចាចចញ្ចែង ប្រកបដោយមង្គល គួរជាទីរមនាដួងចិត្ត ប៉ុន្តែ យើងបានឃើញ ការប្រារព្វប្រពៃណីចងគោមនេះ នៅមានសល់ នៅក្នុងសង្គមខ្មែរ ដែលរស់នៅ ប្រទេសថៃ និង ប្រទេសលាវ រហូតដល់ប្រទេសថៃ និង ប្រទេសលាវ ទាំងមូល បានស្វាគមន៍ទទួលយក មោទនភាពនេះ ពេញផ្ទៃប្រទេស ដោយមិនប្រកែកតវ៉ា ថែមទាំងជម្រុញអោយជនជាតិរបស់គេ បង្កើតរចនាបថថែមថ្មីៗ ដើម្បីជាការប្រារព្ធសប្បាយទាំងអស់គ្នាថែមទៀតផង)។
៣- ដើម្បីជាសក្ខីភាពពរជ័យទេវតាប្រស់ព្រំ ពីលើមេឃ មកលើជីវិតមនុស្សលើដី អោយប្រជាពលរដ្ឋគ្រប់គ្នា បានទទួលនូវរាសីជោគជតា ល្អពណ្ណរាយរុងរឿង ក្នុងឱកាសពេលបុណ្យនេះ។
.jpg)
៤- ដើម្បីជាពន្លឺប្រកាស ដាស់ហៅព្រលឹងដូនតា អោយមកចូលរួមប្រារព្ធបុណ្យចូលឆ្នាំជាមួយកូនចៅ ជួបជុំគ្នា ហើយអោយមកប្រស់ព្រំកូនចៅ អោយបានរស់នៅត្រជាក់ត្រជុំ ចាកផុត ពីភាពរាំងស្ងួត ក្រីក្រ ខ្វះខាត យល់តែភាពសំបូរសប្បាយ ត្រកុំត្រកាលជានិច្ច។
សរុបមកតាមន័យនេះ គេចង់សំដៅថា កាលដើមឡើយប្រទេសយើងនៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នោះឡើយ ដូចនេះនៅពេលយប់ឡើងក្នុងរដូវបុណ្យទាននឹងងងឹតសូន្យឈឹង ដោយបារម្ភពីបញ្ហាអសន្តិសុខ អញ្ចឹងហើយទើបចាស់ៗចងព្យួរគោមទាំងនេះឡើងដើម្បីបំភ្លឺតាមផ្លូវ និងមុខគេហដ្ឋាន។ ដោយឡែក ក៏មានមួយផ្នែកទៀតគឺពាក់ព័ន្ធនឹងការទទួលយកពរជ័យ ពីទេវតាឆ្នាំថ្មីផងដែរ៕










