ប្រទេសចិន ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ CTWANT រាយការណ៍ថា នៅលើកម្មវិធីលក់ផលិតផលជជុះតាមអនឡាញរបស់ចិនបានដាក់លក់ផ្លែឈើចម្លែកដែលមានសំបកពណ៌បៃតង ស្រដៀងនឹងផ្លែក្រូចសើច គឺ១ផ្លែតម្លៃ៥០០យាន់ (ឬស្មើប្រមាណ៧០ដុល្លារ) ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និងជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គម ។ ការពិត វាពុំមែនជាផ្លែឈើចម្លែកអ្វីទេ គឺជាផ្លែក្រូចដុះផ្សិតព័ទ្ធជុំវិញ ប៉ុន្តែហេតុអ្វីម្នាក់ៗយកក្រូចដុះផ្សិតមកលក់បែបនេះ?
សារព័ត៌មានចិនបានចុះផ្សាយពីស្ត្រីម្នាក់រស់នៅខេត្តសានទុង ភាគខាងកើតប្រទេសចិន បានឃើញក្រូចរបស់នាងដុះផ្សិតពេញទាំងអស់ រហូតដល់ផ្លែរបស់វាប្រែជាពណ៌បៃតង ពីដំបូង នាងចង់បោះវាចោល ប៉ុន្តែមិត្តភក្តិប្រាប់ថា កុំបោះចោល គឺអាចលក់វាតាមអនឡាញបាន ។ នាងភ្ញាក់ផ្អើលខ្លាំងណាស់ដែលដឹងថា អាចលក់វាបាន ហើយនាងកាន់តែស្រឡាំងកាំងថែមទៀតពេលដឹងថា មានមនុស្សច្រើនណាស់យកក្រូចដុះផ្សិតបែបនេះមកលក់ ។ បន្ទាប់មក នាងក៏លក់ក្រូចដុះផ្សិតតាមអនឡាញ មិនយូរប៉ុន្មាន ក្រូចរបស់នាងក៏បានលក់ដាច់ ។.jpg)
ក្រោយពីសារព័ត៌មានចុះផ្សាយពីរឿងការលក់ក្រូចដុះផ្សិតធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងក្លាយជាប្រធានបទជជែកពេញបណ្តាញសង្គម ។ មនុស្សជាច្រើនពុំយល់ថា ហេតុអ្វីអាចលក់ក្រូចដុះផ្សិតបាន? ថែមទាំងអាចលក់ថ្លៃទៀតផង តើមានអ្នកទិញវាមែនឬអត់? តើពួកគេទិញវាយកទៅធ្វើអ្វី? អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់សួរថា តើពិតជាលក់ដាច់មែនទេ ក្រូច១ផ្លែ មានតម្លៃរហូតដល់៧០ដុល្លារ?.jpg)
តាមការពិនិត្យមើលក្នុងកម្មវិធីលក់ផលិតផលជជុះតាមអនឡាញឃើញថា មនុស្សជាច្រើនបានយកក្រូចដុះផ្សិតមកលក់តាមអនឡាញ ហើយអ្នកលក់សរសេរថា វាស័ក្តិសមសម្រាប់ការពិសោធន៍ និងអាចយកទៅប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងសិក្សាផ្នែកវិទ្យាសាស្ត្រ ។ ប៉ុន្តែមហាជនបារម្ភពីការរក្សាទុកក្រូចដុះផ្សិតនៅផ្ទះ អាចបង្កជាតិពុលមានគ្រោះថ្នាក់ដល់សុខភាព ដូច្នេះ ពុំគួររក្សាទុកវានៅផ្ទះទេ ។.jpg)
កាលពីឆ្នាំ២០២៤ ល្បីរឿងផ្សិតដុះលើផ្លែប៉ោមរបស់ស្ត្រីម្នាក់នៅខេត្តជឺចៀង ហើយអ្នកស្រាវជ្រាវមកពីស្ថាប័នវិទ្យាសាស្ត្រចិនបានសុំទិញផ្លែប៉ោមនេះពីនាង ។ ចាប់ពីពេលនោះមក ផ្លែឈើដុះផ្សិតទាំងឡាយទទួលបានការចាប់អារម្មណ៍ និងមានការដាក់លក់តាមអនឡាញយ៉ាងច្រើន ។ មនុស្សជាង៦០០នាក់ បានលក់ផ្លែឈើដុះផ្សិតប្លែកៗតាមអនឡាញ និងមានអ្នកចាប់អារម្មណ៍សាកសួរព័ត៌មានពីផ្លែឈើ រហូតដល់ជាង២០០% ។ នេះបើតាមការលើកឡើងរបស់បុគ្គលិកកម្មវិធីលក់ផលិតផលជជុះតាមអនឡាញ ។
ប៉ុន្តែបរិមាណការទិញ-លក់មិនច្រើនប៉ុន្មានទេ វាអាចជាការលេងសើចរបស់អ្នកលេងបណ្តាញសង្គមមួយចំនួន ប៉ុន្តែយើងពុំអាចច្រានចោលនូវការលើកឡើងថា ផ្លែឈើដុះផ្សិតត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ ។ ទន្ទឹមនឹងនេះ គ្មានការបញ្ជាក់ច្បាស់លាស់ពីមូលហេតុនៃការទិញ-លក់ផ្លែឈើដុះផ្សិតទេ ៕










