រឿងរ៉ាវចម្រូងចម្រាសរវាងលោក ឌួង ឆាយ និងអតីតភរិយា អ្នកនាង ដេត ម៉ាលីណា បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតែមិនទាន់ដាច់ស្រេចគ្នាជុំវិញរឿងកូនៗ។ ការប្រទូសសារ៉ាយជាថ្មីដែលផ្ទុះកក្រើកជាថ្មីនេះបុគ្គលមានឥទ្ធិពល អ្នកសិល្បៈនិងអ្នកបង្កើតមាតិកាបាននិយាយប៉ុន្មានឃ្លាជុំវិញរឿងរកាំរកូសអ្នកទាំងពីរជាពិសេសអាណិតទៅដល់ក្មេងៗព្រោះការឈ្លោះគ្នារបស់ឪពុកម្តាយតែកូនៗជាអ្នករងគ្រោះ។

លោកជំទាវ នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមថា «មើលហើយ អូសរំលងទៅ រឿងគ្រួសារគេទុកឱ្យគេដោះស្រាយទៅកុំបន្ថែមតែស្ករ។ បើដោះមិនបានមានតែច្បាប់និង ជាចុងក្រោយមានតែនយោបាយាឈ្នះឈ្នះទេ ទើបអាចសង្ឃឹមដោះស្រាយបាន»។
ពិធីករ សុខ រ៉ាស៊ី បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២៣ ថា «ឪពុកម្តាយ ជាអ្នកឈ្នះ កូនជាអ្នកចាញ់ ជនរងគ្រោះគឺកុមារ មិនដឹងថា៖ ត្រូវតប៉ុន្មាន ភាគទៀត!(អាជ្ញាសាលា)»។ អ្នកបង្កើតមាតិកាអ្នកនាង កាកា អូស្រា្តលី បានសរសេរដែរថា «កម្ពុជាមានសិទ្ធិកុមារធ្វើអ្វី? ហេតុអ្វីក៏មិនចេញមកជួយយកកុមារជាកូនៗ ទៅការពារសិន?បណ្ដោយបែបនេះខ្លាចសម្ពាធទ្រម៉ាក្មេងហើយ!
ក្នុងនោះបវរកញ្ញា ម៉ាច ដាវី បានលើកឡើងថា «ខ្ញុំសង្ឃឹមថាច្បាប់ នឹងមានវិធានការចំពោះបុគ្គលម្នាក់នេះ ច្រើនឆ្នាំមកនេះ ខ្ញុំមិនហ៊ានលូកដៃឬចេះដឹងរឿងក្រុមគ្រួសារអ្នកណាទេ តែនេះ វេទនាភ្នែកណាស់ ប្រទេសកម្ពុជាមានច្បាប់មិនថាអតីតប្រពន្ធគាត់យ៉ាងណា លោកមិនគួរណាធ្វើទង្វើថោកទាបបែបនេះនៅចំពោះមុខកូនប្រុសនិងកូនស្រី? មនុស្សប្រុសចង់ឈ្នះមនុស្សស្រី ជាមនុស្សប្រភេទអី? ពាក្យថាស្រលាញ់កូន តែទង្វើនេះ គេហៅថាបំផ្លាញអនាគតរបស់កូន កូនអាចមានជំងឺបាក់ទឹកចិត្ត ដែលតែងតែឃើញរូបភាពបែបនេះពីឪពុកចិត្ត……….»។
កាលពីយប់ថ្ងៃទី២៣ មីនា អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ បានប្រទូសសារ៉ាយគ្នាដណ្តើមកូនស្រី។ អ្នកនាង ដេត ម៉ាលីណា ជារឿយៗបាននិយាយថាលោក ឌួង ឆាយ មិនគោរពតាមច្បាប់ ខណៈអ្នកនាងបានស្នើសុំអន្តរាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងយុត្តធម៌ជួយដល់នាង៕










