ទឹកដូង ជារឿយៗត្រូវបានគេដាក់ឈ្មោះថា “ភេសជ្ជៈកីឡាធម្មជាតិ” វាបានទទួលប្រជាប្រិយភាពយ៉ាងសម្បើមក្នុងប៉ុន្មានឆ្នាំមកនេះថា ជាភេសជ្ជៈដ៏ល្អចំពោះសុខភាព។ ទឹកដូងមិនត្រឹមតែជាភេសជ្ជៈបំបាត់ការស្រេកទឹកដ៏ឆ្ងាញ់នោះទេ វាជាថាមពលធម្មជាតិនៃសារធាតុចិញ្ចឹមដែលអាចទ្រទ្រង់រាងកាយរបស់អ្នកតាមវិធីជាច្រើន។ តោះមកស្វែងយល់ថាហេតុអ្វីបានទឹកដូងជាជម្រើសភេសជ្ជៈជាតិទឹក និងសុខុមាលភាពទូទៅ៖
១ ផ្ដល់ជាតិទឹកខ្ពស់ ទឹកដូងគឺជាប្រភពធម្មជាតិដ៏ល្អនៃជាតិសំណើម។ វាសម្បូរទៅដោយអេឡិចត្រូលីតដូចជាប៉ូតាស្យូម ម៉ាញេស្យូម និងសូដ្យូម ដែលជួយបំពេញជាតិទឹកក្នុងរាងកាយបន្ទាប់ពីការហាត់ប្រាណខ្លាំង អាកាសធាតុក្តៅ ឬខ្សោះជាតិទឹក។ មិនដូចភេសជ្ជៈកីឡាដែលមានជាតិស្ករទេ ទឹកដូងមានកាឡូរីទាប និងមិនមានសារធាតុបន្ថែមសិប្បនិម្មិត ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់សុខភាព។
២ ជំនួយសុខភាពបេះដូង សំបូរទៅដោយជាតិប៉ូតាស្យូម ជួយគ្រប់គ្រងសម្ពាធឈាម និងលើកកម្ពស់សុខភាពសរសៃឈាមបេះដូង។ ការរក្សាតុល្យភាពអេឡិចត្រូលីតបានត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងបញ្ហាទាក់ទងនឹងបេះដូងផ្សេងទៀត។

៣ ការជំរុញសុខភាពស្បែក លក្ខណៈសម្បត្តិផ្តល់សំណើមនៃទឹកដូង បានជួយការពារស្បែករបស់អ្នក។ ការទទួលទានជាប្រចាំអាចរួមចំណែកដល់ស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយសញ្ញានៃភាពចាស់ និងធ្វើឱ្យស្បែកមានភាពប្រសើរឡើង។
៤ ការពារគ្រួសក្នុងតម្រងនោម ចំពោះអ្នកដែលងាយនឹងកើតគ្រួសក្នុងតម្រងនោម ទឹកដូងអាចជាថ្នាំដ៏មានប្រយោជន៍។ វាត្រូវបានគេបង្ហាញថាអាចបន្សាបទឹកនោម និងកាត់បន្ថយការកកើតនៃដុំគ្រាប់តូចៗដែលបង្កជាគ្រួសសក្នុងតម្រងនោម។ ការរក្សាជាតិទឹកជាមួយនឹងភេសជ្ជៈធម្មជាតិនេះអាចជួយរក្សាតម្រងនោមរបស់អ្នកឱ្យដំណើរការបានល្អ។
៥ ជំនួយដល់ការរំលាយអាហារ ទឹកដូងមានអង់ស៊ីមធម្មជាតិដែលជួយដល់ការរំលាយអាហារ។ វាអាចបំបាត់ការឈឺក្រពះ និងជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អ ដែលធ្វើឱ្យវាជាឱសថដ៏ទន់ភ្លន់សម្រាប់បញ្ហាក្រពះពោះវៀនតូចតាច។
ទោះបីជាទឹកដូងអាចមានអត្ថប្រយោជន៍ខ្ពស់ក៏ពិតមែន ប៉ុន្តែការបរិភាគវាក្នុងបរិមាណសមល្មមក៏ជារឿងសំខាន់ដែរ ព្រោះវាមានផ្ទុកជាតិស្ករធម្មជាតិ។ ដូច្នេះការទទួលទានវាច្រើនហួសប្រមាណប្រហែលជាមិនល្អនោះទេ សម្រាប់អ្នកដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងរបបអាហារ ជាពិសេសគឺអ្នកជំងឺទឹកនោមផ្អែមតែម្ដង។ ការទទួលទានប្រចាំថ្ងៃមួយ ឬពីរផ្លែរគឺគ្រប់គ្រាន់ហើយដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វា៕