ស្នាដៃបុព្វបុរសខ្មែរ ពិតជាអស្ចារ្យណាស់! ក្រៅពីបង្ហាញទិដ្ឋភាព ព្រះអាទិត្យរះនៅចំកំពូលប្រាសាទអង្គរ ដ៏ស្រស់ស្អាត យើងនៅអាចមើលព្រះអាទិត្យលិចចំកណ្ដាលនៃខ្លោងទ្វារតាកាវបានផងដែរ។
ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារធំៗទាំង៥ របស់ប្រាសាទអង្គរធំ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ពីសម្រស់របស់វានោះទេ។ បើនិយាយពីថ្ងៃលិចវិញ មនុស្សភាគច្រើនតែងនិយមទៅទស្សនានៅប្រាសាទអង្គរវត្ត រឺកំពូលភ្នំបាក់ខែងជាដើម។

ដោយឡែក បើយើងបង្វែរចំណាប់អារម្មណ៍ពីថ្ងៃរះបន្តិច ថ្មីៗនេះមានមហាជនជាច្រើនបានចាប់អារម្មណ៍ថា ព្រឹត្តិការណ៍ “សមរាត្រីអង្គរ” មិនមែនមានត្រឹមតែថ្ងៃរះ ចំកំពូលប្រាសាទអង្គរដ៏អស្ចារ្យមួយមុខទេ ប៉ុន្តែសូម្បីតែថ្ងៃលិច ក៏មានគន្លងគោចរ លិចចំចន្លោះកណ្ដាលនៃខ្លោងទ្វារតាកាវផងដែរ។
ខ្លោងទ្វារតាកាវ គឺជាក្លោងទ្វារដែលស្ថិតនៅភាគខាងលិចនៃអង្គរធំ។ តើនេះគឺជារឿងចៃដន្យ រឺជាការគិតគូរទុកមុនរបស់ដូនតាខ្មែរ ទើបបានជាខ្លោងទ្វារនៅទិសខាងលិចហើយ នៅពេលថ្ងៃលិចក៏លិចចំចន្លោះកណ្ដាល នៃច្រកចូលតាមក្លោងទ្វារនេះបែបនេះ? មូលហេតុទាំងអស់នេះហើយ ទើបបានជាភ្ញៀវទេសចរបរទេសស្ញប់ស្ញែង ចង់ដឹង និងចង់ឃើញពីភាពអស្ចារ្យនេះដោយផ្ទាល់ភ្នែក។
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានអោយដឹងថា រយៈពេល២ថ្ងៃនៃបាតុភូត “សមរាត្រី” ខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរបានជិត ៦ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានប្រហែល ៥ពាន់នាក់ និងក្រៅពីនោះគឺសុទ្ធសឹងតែជាភ្ញៀវទេសចរបរទេស។
គួររំលឹកថា បាតុភូត “សមរាត្រី” ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងកើតមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ២១-២២ និង ២៣ មីនា ដូចនេះសម្រាប់លោកអ្នកដែលមិនទាន់បានមកទស្សនា គឺនៅសល់ថ្ងៃស្អែកមួយថ្ងៃទៀតក្នុងការទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕
រូបភាព៖ siem reap vibes