ប្រទេសកូរ៉េខាងជើង ៖ មនុស្សភាគច្រើនសួរថា តើមនុស្សប្រុសនៅប្រទេសកូរ៉េខាងជើង សុទ្ធតែស្គមទាំងអស់ មែនទេ លើកលែងតែលោក គីម ជុងអ៊ុន ដែលមានរូបរាងធាត់? កាលពីប៉ុន្មានឆ្នាំមុន មេដឹកនាំកូរ៉េខាងជើងបានបាត់ខ្លួនមួយរយៈ និងពុំបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយ រហូតដល់មានពាក្យចចាមអារ៉ាមថា លោកអាចបាត់បង់ជីវិ.ត ប៉ុន្តែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏បង្ហាញមុខលោកឡើងវិញ ។

វាធ្វើឱ្យមហាជនសន្និដ្ឋានថា លោក គីម ជុងអ៊ុន ដែលបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនេះ គឺជាមនុស្សក្លែងក្លាយ ។ ប៉ុន្តែសម្រាប់លោក Howard X ជាតារាសម្តែងហុងកុង ដែលមានមុខមាត់ស្រដៀងមេដឹកនាំកូរ៉េខាងជើង និងល្បីល្បាញដោយសារលោកធ្វើត្រាប់តាមមេដឹកនាំកូរ៉េខាងជើង ជឿថា គ្មានផ្លូវទេ ដែលកូរ៉េខាងជើងអាចរកមនុស្សមកបន្លំជាមេដឹកនាំកូរ៉េខាងជើង ដោយសារគ្មានអ្នកណាធាត់ដូចលោក គីម ជុងអ៊ុន ទេ ។
លោក Howard X និយាយថា ៖ «លោក គីម ជុងអ៊ុន មិនមែនជាមនុស្សធាត់ធម្មតាទេ ប៉ុន្តែលោកធាត់ខ្លាំងណាស់ ។ តើឱ្យកូរ៉េខាងជើងទៅស្វែងរកមនុស្សប្រុសធាត់បែបនេះនៅកន្លែងណា» ។ ហេតុនេះ មហាជនសួរថា តើមនុស្សប្រុសនៅកូរ៉េខាងជើង សុទ្ធតែស្គមទាំងអស់ មែនទេ លើកលែងតែលោក គីម ជុងអ៊ុន? មហាជនឆ្ងល់យូរហើយ ហើយអ្នកលេងបណ្តាញសង្គមធ្លាប់សួរកន្លងមកថា តើជនជាតិកូរ៉េខាងជើងមានទម្ងន់ប៉ុន្មាន?

បើក្រឡេកមើលចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ពលរដ្ឋកូរ៉េខាងជើងជាច្រើននាក់អត់ឃ្លាន និងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ។ រីឯមនុស្សធាត់ គឺមានតែមន្ត្រីមានឋានៈខ្ពស់ប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០០០ រហូតមក ចំនួនមនុស្សធាត់នៅកូរ៉េខាងជើង ក៏បានកើនឡើង ។
តាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ (FAO) នៅឆ្នាំ២០១៦ បង្ហាញថា ពលរដ្ឋកូរ៉េខាងជើង ៣២.៤% មានរូបរាងធាត់ ។ វាជាតួលេខខ្ពស់ជាងនៅកូរ៉េខាងត្បូង ដែលកូរ៉េខាងត្បូងមានមនុស្សធាត់ត្រឹមតែ៣០.៣% ប៉ុណ្ណោះ ។ បើទោះជាពលរដ្ឋកូរ៉េខាងជើងម្នាក់ក្នុងចំណោម៣នាក់ កើតជំងឺធាត់ក្តី ប៉ុន្តែមានទិន្នន័យបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើង ជាង៤៥% ខ្វះអាហារបរិភោគ ។

លោក គីម ជុងអ៊ុន មិនមែនជាមនុស្សធាត់តែម្នាក់ទេ នៅកូរ៉េខាងជើង ប៉ុន្តែលោកអាចជាមនុស្សធាត់ខ្លាំងក្នុងប្រទេសនេះ ។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានផ្តល់ព័ត៌មានថា ទម្ងន់របស់មេដឹកនាំកូរ៉េខាងជើង បានកើនឡើងជាបន្តបន្ទាប់ រហូតដល់៩០គីឡូក្រាម ។ នៅឆ្នាំ២០១២ លោកបានឡើងទម្ងន់រហូតដល់១២០គីឡូក្រាម ហើយនៅឆ្នាំ២០១៤ លោកឡើងទម្ងន់ដល់១៤០គីឡូក្រាម ។
ហេតុនេះ មេដឹកនាំកូរ៉េខាងជើងបានព្យាយាមសម្រកទម្ងន់ ដើម្បីកុំឱ្យប្រឈមនឹងជំងឺធាត់ ។ រហូតមកដល់ឆ្នាំ២០២១ ទម្ងន់របស់លោកបានធ្លាក់ចុះមកនៅត្រឹមតែ១២០គីឡូក្រាម ប៉ុន្តែការស្រកទម្ងន់របស់លោក បានប៉ះពាល់ផ្លូវចិត្តពលរដ្ឋកូរ៉េខាងជើង ។ ពលរដ្ឋម្នាក់រស់នៅទីក្រុងព្យុងយ៉ាង និយាយថា ៖ «ពួកយើងសោកស្តាយណាស់ ដែលឃើញមេដឹកនាំជាទីគោរព មានរូបរាងស្គម ហើយមនុស្សជាច្រើនស្រក់ទឹកភ្នែកទៀតផង» ៕










