ជាទូទៅនៅពេលមេឃស្រឡះល្អ យើងតែងតែឃើញផ្ទៃមេឃមានពណ៌ខៀវ ឬពណ៌ទឹកសមុទ្រ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាផ្ទៃមេឃមើលទៅមានពណ៌ខៀវអ៉ីចឹង? ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានសិក្សារួចមកហើយ នៅមេរៀនវិទ្យាសាស្ត្រអនុវត្តន៍ កាលពីថ្នាក់អនុវិទ្យាល័យ ប៉ុន្តែប្រហែលលោកអ្នកភ្លេចបាត់ទៅហើយ។ ដូច្នេះអត្ថបទនេះ យើងនឹងបកស្រាយ ដើម្បីការយល់ដឹងកាន់តែច្បាស់ និងអាចឱ្យលោកអ្នកចែកចាយបន្តទៅដល់ក្មេងៗជំនាន់ក្រោយទៀត។

យោងតាមគេហទំព័របរទេស Live Science មូលហេតុដែលផ្ទៃមេឃមានពណ៌ខៀវ គឺដោយសារការចាំងចូលនៃល្បាយពន្លឺរបស់ព្រះអាទិត្យ។ ពន្លឺរបស់ព្រះអាទិត្យត្រូវបានគេដឹងថា ជាពន្លឺដែលគេអាចញែកបានរហូតដល់ ៧ ពណ៌ដូចទៅនឹងពណ៌របស់ឥន្ទធនូដែរ។ នៅពេលពន្លឺទាំងនោះឆ្លងកាត់បរិយាកាសនៅលើភពផែនដី បរិយាកាសចាប់យកតែពណ៌បៃតង ស្វាយ លឿង និងខៀវតែប៉ុណ្ណោះ ដូច្នេះពណ៌ទាំងអស់នេះបានចាំងបញ្ចូលគ្នាបង្កើតបានជាពណ៌ខៀវស្រងាត់របស់ផ្ទៃមេឃដែលយើងតែងតែឃើញជារាល់ថ្ងៃ។
នេះមានន័យថា ផែនដីត្រូវបានគ្របដណ្តប់ដោយស្រទាប់ជាច្រើននៃបរិយាកាស ហើយស្រទាប់ទាំងនោះបានរារាំងពន្លឺពណ៌ក្រហមរបស់ព្រះអាទិត្យ មិនឱ្យចូលមកដល់ផ្ទៃដីបាន។ លើសពីនេះវាក៏ពាក់ព័ន្ធនឹងពណ៌ដែលភ្នែករបស់មនុស្សអាចមើលឃើញ គួបផ្សំនឹងការរារាំង មិនឱ្យបញ្ចេញពណ៌ផ្សេងៗទៀតនៃស្រទាប់បរិយាកាសផែនដី ពេលពន្លឺព្រះអាទិត្យជះចំផងដែរ។
សរុបសេចក្តីមក ពណ៌ខៀវស្រាល ជាពណ៌បំលែងពីធម្មជាតិ ដោយម៉ូលេគុលតូចៗនៅគ្រប់ទីកន្លែងក្នុងខ្យល់ និងបរិយាកាសផែនដី។ ម៉ូលេគុលពណ៌ខៀវត្រូវបានពង្រាយច្រើនជាងពណ៌ផ្សេងៗទៀត ដោយសារតែវាធ្វើដំណើរក្នុងរលកល្បឿនយឺត និងតូចៗ ហេតុដូច្នេះទើបយើងឃើញផ្ទៃមេឃមានពណ៌ខៀវជាប់ជានិច្ចបែបនេះ៕










