គិតត្រឹមចុងឆ្នាំ២០២៤ ពលរដ្ឋកម្ពុជា ប្រមាណ៥លាននាក់ បានប្រើប្រាស់សមតុល្យឥណទានសរុបជិត៦០ពាន់លានដុល្លារ ក្នងនោះអត្រានៃអ្នកប្រើប្រាស់ឥណទានមានអាយុពី១៨ឆ្នាំឡើងទៅ។

បើយោងតាមរបាយការណ៍ស្ថានភាពឥណទានប្រចាំឆ្នាំ២០២៤ របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី)បានឱ្យដឹងថា រាជធានីភ្នំពេញមានបរិមាណឥណទានច្រើនជាងគេជាង រហូតដល់២៩ពាន់លានដុល្លារ (១១៩,០២១,៩៤៧ លានរៀល) ដែលស្មើនឹង ៥០ភាគរយនៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន៦៩ម៉ឺន៦ពាន់នាក់។

ដោយឡែកខេត្តកណ្តាលស្ថិតនៅលេខរៀងទី២ ដែលមានបរិមាណឥណទានជាង ៣,១៦ពាន់លានដុល្លារ និង
ខេត្តសៀមរាបឈរលំដាប់ថ្នាក់ទី៣ មានទំហំទឹកប្រាក់កម្ចីសរុបជាង ២,៥ពាន់លានដុល្លារ។

របាយការណ៍ស្ថានភាពឥណទាននៅកម្ពុជាឆ្នាំ២០២៤ ធ្វើឡើងដោយកត់ត្រាទិន្នន័យរបស់រូបវន្តបុគ្គល និងក្រុមហ៊ុន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីស៊ីទាំងអស់ចំនួន ១៩៧ ស្ថាប័ន នៅក្នុងឆ្នាំ២០២៤៕