«កោះដំបូង» គឺជារមណីយដ្ឋានថ្មីស្រឡាងមួយ ដែលមានទីតាំងស្ថិតនៅភូមិបឹងតាព្រៀម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ កោះនេះមានទេសភាពជាប់នឹងដងព្រែកកំពត ហើយកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ វាមានចម្ងាយប្រមាណ ៩ គីឡូម៉ែត្រពីក្រុងកំពត ដោយលោកអ្នកធ្វើដំណើរប្រហែល ២០ នាទីនឹងបានទៅដល់គោលដៅហើយ។

កោះដំបូងគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយ ដែលបច្ចុប្បន្នកោះនេះគឺកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានូវទិដ្ឋភាពដ៏ស្រស់បំព្រងនៃព្រៃឈើខៀវស្រងាត់ លាយឡំនឹងខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វង់ ហាក់ដូចជាកំពុងស្ថិតនៅលើឋានសួគ៌ក្រោមមេឃអ៉ីចឹង។ នៅទីនេះ មានខ្យល់អាកាសបរិសុទ្ធ បរិយាកាសត្រជាក់ភ្នែក ស្ងប់ស្ងាត់ល្អ ដែលអាចឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ជ្រះអស់ទុក្ខកង្វល់ទាំងឡាយ និងមានសេក្តីសុខបំផុត។
នៅទីនោះក៏មានកន្លែងបោះតង់សម្រាប់សម្រាកលម្ហែកាយ ក៏ដូចជាមានជម្រើសកន្លែងស្នាក់នៅជាច្រើនទៀត ហើយក្រៅពីការស្នាក់នៅ លោកអ្នកក៏អាចគយគន់ទេសភាពនៃភ្នំបូកគោ ផ្តិតយករូបថតស្អាតៗ ជិះកាយ៉ាក អាំងសាច់ និងរៀបចំកម្មវិធីផ្សេងៗបានផងដែ។

កោះដំបូង ជាប្រភេទកោះ/ឆ្នេរ និងជាតំបន់ទឹកប្រៃ ថែមទាំងស្ថិតនៅចំពីមុខភ្នំដែលអាចមើលឃើញអ័ព្ទចុះ ឬពពកបានយ៉ាងច្បាស់ទៀតផង។ ហេតុនេះសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់អាចមកទស្សនារមណីយដ្ឋាននេះបាន ធានាថាទៅដល់ហើយដឹងតែមិនខកបំណងនោះទេ៕









