បឹង Salda ដែលមានខ្សាច់ពណ៌សក្បុស ទឹកពណ៌ខៀវថ្លាឈ្វង់ អាចមើលឃើញដល់បាត ជារឿយៗត្រូវបានគេស្គាល់ថាជា “Maldives of Türkiye”។ ទោះជាយ៉ាងណាយោងតាមអ្នកវិទ្យាសាស្ត្រ បឹងមួយនេះគឺជាកន្លែងតែមួយគត់នៅលើផែនដី ដែលមានរូបរាង និងលក្ខណៈស្រដៀងនឹងរណ្ដៅ Jerezo របស់ភពអង្គារខ្លាំងណាស់។.png)
រណ្ដៅ Jerezo របស់ភពអង្គារគឺជាតំបន់ចុះចតសម្រាប់យាន Rover Perseverance របស់អង្គការ NASA ដែលយាននេះបានចុះចតនៅរណ្តៅ Jerezo កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១។ ដោយសាររណ្ដៅ Jerezo ធ្លាប់ជាបឹងទឹកបុរាណ ដែលអាចផ្តល់ព័ត៌មានអំពីជីវិតកាលពីអតីតកាលនៅលើភពអង្គារ បឹង Salda ក៏មានលក្ខណៈ និងរូបរាងស្រដៀងរណ្តៅនេះផងដែរ។
ទើបអ្នកវិទ្យាសាស្ត្រចាត់ទុកថា បឹង Salda ដែលត្រូវបានគេស្គាល់ថា Maldives of Türkiye គឺជាកន្លែងតែមួយគត់នៅលើភពផែនដី ដែលមានរូបរាង និងលក្ខណៈស្រដៀងនឹងរណ្ដៅ Jerezo របស់ភពអង្គារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science។ បឹង Salda មានទីតាំងស្ថិតនៅក្នុងខេត្ត Burdur ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីរដ្ឋធានី Antalya និង ១១០ គីឡូម៉ែត្រពីទីក្រុង Denizli ប្រទេសទួរគី។

ទីតាំងដាច់ស្រយាលរបស់បឹងនេះរួមចំណែកដល់សម្រស់ធម្មជាតិដ៏បរិសុទ្ធ អាចផ្តល់ឱ្យអ្នកទស្សនានូវឱកាសដើម្បីគេចផុតពីភាពវឹកវរនៃជីវិតសម័យទំនើប។ បឹងនេះគ្របដណ្តប់លើផ្ទៃដីជិត ៤,៤០៩ ហិកតា ជាមួយជម្រៅរហូតដល់ ១៩៦ ម៉ែត្រ គឺជាបឹងមួយក្នុងចំណោមបឹងដែលជ្រៅបំផុតនៅក្នុងប្រទេស។ លើសពីនេះ Salda ក៏ជាជម្រករបស់រុក្ខជាតិជាង ៣០០ ប្រភេទ និងសត្វជាច្រើនប្រភេទទៀតផង។
លក្ខណៈពិសេសទាំងនេះហើយធ្វើឱ្យបឹង Salda ក្លាយជាកន្លែងដ៏ល្អបំផុតមួយនៅក្នុងប្រទេស Türkiye សម្រាប់ការថតរូបធម្មជាតិ និងការឡើងភ្នំ។ ពេលវេលាដ៏ល្អបំផុតដើម្បីទៅលេងបឹងនេះ គឺនៅរដូវរងារ និងដើមរដូវក្តៅ នេះបើយោងតាមមគ្គុទ្ទេសក៍ក្នុងស្រុក Hasan Gülday។ ទោះជាយ៉ាងណាសព្វថ្ងៃនេះបឹង Salda កំពុងប្រឈមមុខនឹងការគំរាមកំហែងពីការបំពុលបរិស្ថានដែលបណ្តាលឱ្យកម្រិតទឹកធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ៕










