ឆ្នេរខ្សាច់ដ៏វែងជាងគេនៅកម្ពុជា គ្រោងរំលេចខ្លួនឡើង នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នេះបើយោងតាមការបង្ហោះរបស់ អ្នកឧកញ៉ា សួរ វីរៈ ស្ថាបនិកក្រុមហ៊ុនវីរៈ ប៊ុនថាំ។

ស្ថាបនិកក្រុមហ៊ុនវីរៈ ប៊ុនថាំ រូបនេះ បានបញ្ជាក់ថា៖”ឆ្នេរខ្សាច់ថ្មីនេះ នឹងបង្ហាញវត្តមាន នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តជាតិ ក្នុងឱកាសបុណ្យសមុទ្រខេត្តកោះកុង”។
បន្ថែមពីនេះ ឆ្នេរសមុទ្រថ្មី ក៏នឹងមានឆ្នេរសាធារណ: រីស៊ត ភោជនីយដ្ឋាន ផលិតផលក្នុងតំបន់ និងមជ្ឍមណ្ឌលឆ្នេរកំសាន្តផ្សេងៗជាច្រើនទៀតផងដែរ។
ឆ្នេរថ្មីនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកោះកុងឱ្យកាន់តែរីកចម្រើនមួយកម្រិត ខណៈផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ខេត្តពោធិ៍សាត់-បាត់ដំបង មកផ្លូវជាតិលេខ១០ ខេត្តកោះកុង ក៏ជិតសាងសង់រួច១០០ភាគរយ។
គួរបញ្ជាក់ថា ខេត្តកោះកុង ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេក្នុងចំណោមខេត្តទាំងបួន ដោយមានឆ្នេរសមុទ្រប្រវែង ២០៦គីឡូម៉ែត្រ ហើយជាខេត្តមានមានឧទ្យានជាតិដ៏ធំជាងគេ គឺឧទ្យានជាតិបទុមសាគរ៕










