មិនសូវជាបង្ហាញពីមនោសញ្ចេតនាស៊ីជម្រៅនៅលើបណ្តាញសង្គមថៅកែវ័យក្មេងកំពុងសាងភាពជោគជ័យ ប៉ីប៉ី ឌី បានបង្ហាញការនឹករលឹករបស់ខ្លួនទៅកាន់ជីដូនដែលបានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់។ លើសពីនេះ ប៉ីប៉ី ឌី ក៏បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកម្តាយជាទីស្រលាញ់ដែលរស់នៅក្រៅស្រុកផងដែរ។
នៅថ្ងៃទី១៣ មីនា ប៉ីប៉ី ឌី បានបង្ហោះរូបភាពមួយសន្លឹកនិងបានពោលទៅកាន់លោកយាយរបស់ខ្លួនថា «យាយ ចៅបានតស៊ូខំប្រឹង និងទទួលបានផលដូចដែលយាយចង់បានហើយ
ចៅជឿថា បើសិនជាយាយនៅ យាយប្រាកដជាមានមោទកភាពចំពោះចៅ។ ពីក្មេងកំព្រាឪពុក តែទទួលបានភាពកក់ក្តៅនិងការចិញ្ចឹមបីបាច់មើលថែពីយាយ យាយគឺជា យាយដែលល្អបំផុតក្នុងជីវិតនេះ»។

ជាមួយនឹងការនឹករលឹកទៅកាន់ជីដូន ប៉ីប៉ី ឌី ក៏បានបង្ហាញអារម្មណ៍ពិសេសចំពោះអ្នកម្តាយលោកមកដល់ថ្ងៃនេះបានដោយសារតែគំរូភាពរឹងមាំរបស់ម្តាយលោកទើបធ្វើឱ្យខំប្រឹងមកដល់ចំណុចនេះ។ ប៉ីប៉ី ឌី បានរៀបរាប់ថា «ស្អែកជាថ្ងៃដែលកូនអាចសម្រេចបំណងដ៏ធំបានហើយ កូនផ្តើមពីតូបកាហ្វេតូចមួយ តែស្អែកកូនមានហាងដ៏ធំមួយ នៅកន្លែងដែលកូនចាប់ផ្តើមដំបូង ទឹកដោះម្តាយថ្លៃ កូនមានកំណើត កូនអាចមកដល់ថ្ងៃនេះក៏ដោយសារមានម៉ាក់ជាគំរូ»។
ប៉ីប៉ី ឌី បានបង្ហាញទៀតថាដោយសារតែឃើញពីភាពរឹងមាំ អង់អាច ការសម្រេចចិត្ត និងការតស៊ូរបស់ម្តាយជាពន្លឺបំភ្លឺផ្លូវទើបនាំឱ្យលោកមកដល់ចំណុចដែលខ្លួនកំពុងឈរសព្វថ្ងៃ។
គួរបញ្ជាក់ផងដែរថា ប៉ីប៉ី ឌី កំពុងកាក់កបនឹងមុខជំនួញយ៉ាងខ្លាំងបានពង្រីកទីផ្សាររបស់ខ្លួនច្រើនកន្លែងនិងមានគម្រោងជាច្រើនទៀតក្នុងមុខរបររកស៊ីរបស់ខ្លួន៕










