ក្នុងវិស័យភាពយន្តកម្ពុជាអាចនិយាយបានថាពុំទាន់ដល់ចំណុចដែលល្អប្រសើរច្រើននៅឡើយទេដោយពេលខ្លះទទួលរងនូវមតិរិះគន់ពីអ្នកទស្សនាទាំងសាច់រឿង ការសម្តែងរបស់តួដែលមើលទៅឆ្គងៗជាដើម។ នេះជាហេតុមួយក្នុងការដែលឱ្យទស្សនិកជនគាំទ្រភាពយន្តក្នុងស្រុក។

ដើម្បីឱ្យវិស័យភាពយន្តកាន់តែរីកចម្រើនពីអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញលោក ឆាយ បូរ៉ា បានចែករំលែកនូវគន្លឹះសំខាន់ៗដែលសិល្បករ សិល្បការិនី ជាអ្នកសម្តែងមិនគួរមើលរំលង។ លោក ឆាយ បូរ៉ា បានបង្ហោះវីដេអូខ្លីមួយដែលមានការសន្ទនាជាភាសាបរទេសភ្ជាប់មកជាមួយខ្លឹមសារចំណុចដែលសិល្បករត្រូវមាននិងកាតព្វកិច្ចដែលត្រូវធ្វើ។
លោកបានចែករំលែកយ៉ាងដូច្នេះថា «សិល្បករសម្តែងត្រូវមានចំណុចបីសំខាន់:
១. ទេពកោសល្យ ២. ការសិក្សាពីបច្ចេកទេសសម្តែង ៣. បទពិសោធន៍»។ លើសពីចំណុចដែលត្រូវមានលោក ឆាយ បូរ៉ា បានលើកឡើងបន្ថែមចំពោះសិល្បករសម្តែង ត្រូវមានកាតព្វកិច្ចដូចជា១. សិក្សាអត្ថបទរឿងទាំងមូល២. សិក្សាតួអង្គរបស់ខ្លួន និង តួអង្គដទៃ ៣. សិក្សាពាក្យពេចន៍ ប្រយោគសន្ទនា»។
គួរបញ្ជាក់ថាស្នាដៃលេចធ្លោក្រោមការដឹកនាំរបស់លោក ឆាយ បូរ៉ា មានដូចជារឿង «ឃ្លាតទៅសែនឆ្ងាយ» រឿង «3.50» រឿង «លោកគ្រូ ប្រពន្ធល្អ» និង រឿង «អ៊ំចនម៉ែដោះ» ជាដើម។ មិនត្រឹមតែផ្តល់ការកំម្សាន្តឱ្យទស្សនិកជនប៉ុណ្ណោះទេរាល់ស្នាដៃរបស់អ្នកដឹកនាំឆ្នើមរូបនេះតែងតែបង្កប់តម្លៃអប់រំទៅជាមួយ៕










