ថ្មីៗនេះ មានការបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌល បានជួបជុំទទួលទានគ្រឿងស្រវឹងក្នុងឯកសណ្ឋានជានគរបាលជាតិ ដែលបានធ្វើឱ្យប៉ះពាល់ក្រមសិល៍ធម៌ និងវិន័យក្រសួងមហាផ្ទៃជាខ្លាំង។
ជុំវិញករណីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងថា៖” ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត តើថាជាករណីចាស់ ឬថ្មី បើជាករណីថ្មី នឹងចាត់វិធានការទៅតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយពុំមានការលើកលែងជាដាច់ខាត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានចាត់វិធានការខាងវិន័យនគរបាលជាតិ ស្របតាមកម្រិតនៃអំពើនោះ ទៅលើលោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌលផងដែរ ។
គួរបញ្ជាក់ថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយនូវវីដេអូបែកធ្លាយមួយ ដែលបង្ហាញពីសកម្មភាពរបស់អធិការ នគរបាលស្រុករតនមណ្ឌល ចាប់អូសកូនចៅទៅផឹកស្រា ទាំងដែលខ្លួនកំពុងពាក់ឯកសណ្ឋាន៕










