កាលពីថ្មីៗនេះ គេឃើញមានការបង្ហោះ និងចែកចាយជាច្រើនលើគេហទំព័រហ្វេសប៊ុក អំពីការយក “ពិធីបូជាព្រះសិវលិង្គ” ទៅ ប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលការធ្វើបែបនេះ ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។
បើតាមក្រសួងវប្បធម៌ បានឱ្យដឹងថា៖”ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉ម នាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើព្រះឥសូរ”។
ដោយឡែក សម្រាប់ពិធីអាពាហ៍ពិពាហ៍ ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំ កូនប្រុស កូនស្រីឱ្យក្លាយជាគូ ស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា តួយ៉ាង ដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិល ទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុក ភាគច្រើនយកទៀន តំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមា ដែលប្រារព្ធឡើង ក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ព ជាកូន ជាចៅ សុខចម្រើនតរៀងទៅ។
កិច្ចពិធីបូជាព្រះសិវលិង្គនេះ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ៕










